(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៨ ដែលជាវគ្គពិសេសប្រចាំឆមាស បានស្វែងរកឃើញជយលាភី Top-10 ហើយ។
«សូមសាធារណៈជន និងអ្នកគាំទ្រស្នាដៃគំរូល្អយុវជនចូលរួមបោះឆ្នោតនៅពេលនេះ។ គឺសូមគឺចុច (Like) ដើម្បីជ្រើសរើសជ័យលាភីលេខ១ (Top-1) នៅលើ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី (៥-៧ ខែតុលា ឆ្នាំ២០១៦) ដែលនឹងបិទឈប់នៅម៉ោង៦៖០០ល្ងាច! បេក្ខជនទាំងអស់សុទ្ឋតែមាន ស្នាដៃល្អចំពោះសង្គមជាតិ។ សូមសាធារណៈជនចូលរួមបោះឆ្នោតគាំទ្របេក្ខជន ឬបេក្ខនារីគំរូណាមួយដែលមានស្នាដៃល្អផ្តាច់គេ ក្នុងចំណោមបេក្ខជនទាំង១០នាក់។
ទន្ទឹមនឹងនេះ សូមចូលរួមសោកស្តាយ ចំពោះបេក្ខជនដែលទទួលបានការបោះឆ្នោតគាំទ្របានចំនួនតិច ប៉ុន្តែអាចបន្តចូលរួមប្រកួតនៅវគ្គទី៩ ក្នុងខែតុលានេះ។ សូមសាធារណៈជន ចូលរួមបោះឆ្នោតនៅថ្ងៃនេះទាំងអស់គ្នា ដើម្បីជ្រើសរើស «យុវជនគំរូកម្ពុជា TOP-1» តែម្នាក់។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា| Am a Role Model» ក្នុងបំណងជំរុញយុវជន យុវនារី ឲ្យក្លាយទៅជាពលរដ្ឋគំរូល្អក្នុងសង្គម ដោយផ្តល់នូវការគាំទ្រលើកទឹកចិត្ត ឲ្យពួកគេចូលរួមនៅក្នុង Facebook របស់សម្តេច ដើម្បីមានឱកាសចូលរួមកាន់តែច្រើនក្នុងកិច្ចការសង្គម៕