(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលរដ្ឋបាលខេត្តនឹងរៀបចំនូវព្រឹត្តិការណ៍ប្រណាំងទូក ង ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋមកលេងកម្សាន្ត។
ការណែនាំនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងស្វែងយល់ វាយតម្លៃ ពង្រឹងគុណភាព ចំពោះលទ្ធផលការងាររបស់មន្ទីរអង្គភាព រដ្ឋបាល ក្រុង ស្រុក ដែលបានអនុវត្តកន្លងមក នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
លោក សួន សុម៉ាលីន បានលើកឡើងថា ដើម្បីអនុវត្តនូវគោលនយោបាយដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយត្រូវពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាដើម្បីលុបបំបាត់ឲ្យបានរាល់ភាពអសកម្មមួយចំនួននៅតាមមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ រដ្ឋបាលក្រុង ស្រុក ទាំង១៣ នៃខេត្តព្រៃវែង ដែលបានអនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួន លើការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង រដ្ឋបាលខេត្តក៏បានរៀបចំ ជាផែនការសកម្មភាពរួចជាស្រេច ដើម្បីធានាឲ្យបានដល់នូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅក្នុងឱកាស នៃការប្រារព្ធពិធីប្រណាំងទូក ង។ នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក៏មានការប្រគំតន្ត្រី ដាក់ស្តង់តាំងពិព័រណ៍ លក់ផលិតផលផ្សេងៗ និងបាញ់កាំជ្រូច សម្រាប់អបអរសាទរ នៅព្រឹត្តិការណ៍បណ្ដាំងទូក ង នោះផងដែរ៕