(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានទទួលរៀបចំកិច្ចប្រជុំស្តីពីការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ មានការចូលរួមពី លោក កុលផេង វឌ្ឍនា ប្រធានគណគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តបន្ទាយមានជ័យ, លោក យឹម សំណាង អភិបាលរងខេត្ត, លោក ច័ន្ទម៉ារា ដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយខេត្តបន្ទាយមានជ័យ,លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ, លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ឈូ ប៊ុនរឿង បានឲ្យដឹងថា ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥នេះ ខេត្តបន្ទាយមានជ័យ មានសិស្សចូលប្រឡងចំនួន៦,២៣៥នាក់ ស្រីមានចំនួន៣,៥៦៩នាក់។ ក្នុងនោះ មានមណ្ឌលប្រឡងចំនួន៨ រួមមាន៖ មណ្ឌលបឋមសិក្សា ហ៊ុន សែន សុភី, មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន, មណ្ឌលសាកលវិទ្យាល័យមានជ័យ, មណ្ឌលវិទ្យាល័យសិរីសោភ័ណ, មណ្ឌលវិទ្យាល័យសម្ដេចឪ, មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រង UME, មណ្ឌលវិទ្យាល័យអូអំបិល និងមណ្ឌលអនុវិទ្យាល័យទឹកថ្លា។
ជាមួយគ្នានេះ លោក កុលផេង វឌ្ឍនា បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវខិតខំប្រឹងប្រែង ហើយក្នុងករណីមិនទទួលបានជោគជ័យ កុំអស់សង្ឃឹម ពោលខិតខំតស៊ូរៀនសូត្រឡើងវិញ ដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ ឬអាចចូលរៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវ: រៀននៅថ្នាក់បរិញ្ញាប័ត្ររងបានដែរ។
លោក ស្រេង សុផល ក៏បានជូនដំណឹងដល់ម្ចាស់ ប្រកបអាជីវកម្មដ្ឋាន ដូចជាថតចម្លងទាំងអស់ ក្នុងក្រុងសិរីសោភ័ណ ត្រូវផ្អាកដំណើរការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីការពារសណ្ដាប់ធ្នាប់តាមដងផ្លូវ និងមណ្ឌលប្រឡង។ សមត្ថកិច្ចជំនាញអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវសហការគ្នាជួយតាមដាន ត្រួតពិនិត្យការពារសណ្ដាប់ធ្នាប់ និងអនុវត្តទៅតាមច្បាប់ដែលពាក់ព័ន្ធជាធរមានផងដែរ៕