Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តរតនគិរី មានអាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈ និងអាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែជិត២០ កំពុងធ្វើអាជីវកម្មនៅភូមិសាស្ដ្រស្រុកចំនួន៧

07-10-2024 15:29

(រតនគិរី)៖ ខេត្តរតនគិរី ស្ថិតក្នុងភូមិភាគឦសាន មានចម្ងាយជិត៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ សំបូរដោយធនធានធម្មជាតិមហាសាល ដែលទាក់ទាញថៅកែជនជាតិបរទេស ជាពិសេសជនជាតិវៀតណាម និងជនជាតិចិន នាំគ្នាសម្រុកមកប្រកបអាជីវកម្មលើវិស័យធនធានរ៉ែភ្លូកទឹកភ្លូកដី។

លោក អ៊ុង ហួរ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ថា នៅក្នុងខេត្តរតនគិរី មានអាជ្ញាប័ណ្ណសិក្សាស្វែងរុករករ៉ែលោហៈចំនួន១៥, អាជ្ញាប័ណ្ណឧស្សាហកម្មរ៉ែមាស ចំនួន២ និងរ៉ែត្បូង ចំនួន១ ធ្វើសកម្មភាពក្នុងភូមិសាស្ត្រស្រុកចំនួន៧ (លើកលែងតែភូមិសាស្ត្រស្រុកវ៉ើនសៃ និងក្រុងបានលុង) នៃខេត្តរតនគិរី។

មន្ត្រីនគរបាលអន្តោប្រវេសន៍ បានបង្ហើបថា ជនបរទេសដែលចូលមកប្រទេសកម្ពុជា ប្រកបអាជីវកម្មផ្សេងៗ ត្រូវមានទិដ្ឋការ (VlSA) ស្នាក់នៅយូរអង្វែង មានប័ណ្ណការងារចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទើបមានសិទ្ធិធ្វើអាជីវកម្មដោយស្របច្បាប់ ប៉ុន្តបើមានតែ VISA ស្នាក់នៅគ្មានសិទ្ធធ្វើការងារទេ។ សព្វថ្ងៃនេះមានកម្មករជំនាញ (ចិន និងវៀតណាម) ជាច្រើននាក់ សំងំធ្វើការងារនៅក្នុងភូមិសាស្ត្រស្រុកចំនួន២ គឺស្រុកអណ្តូងមាស និងស្រុកតាវែង (តំបន់កន្ទុយនាគ)។

ប្រភពព័ត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះក្រុមថៅកែជនជាតិវៀតណាម និងជនជាតិចិន មានខ្នងបង្អែកគ្រាក់ៗ នៅពីក្រោយពួកគេដាក់គ្រឿងចក្រ និងកម្មករច្រើននាក់ធ្វើសកម្មភាពរង្គោះភ្នំព្រៃព្រឹក្សា ក្រោមរូបភាពមានអាជ្ញាប័ណ្ណសិក្សាស្វែងរករ៉ែលោហៈ មិនធ្វើអាជ្ញាបណ្ណធ្វើអាជីវកម្មទេ គឺដើម្បីគេចពីការបង់សូយសារអាករចូលរដ្ឋ៕