(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំ ស្តីពីការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ការពារមណ្ឌលប្រឡង និងការកំណត់បែងចែកភារកិច្ច ការពារនៅតាមមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ និងមណ្ឌលកំណែទាំង២ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង»។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង។
កិច្ចប្រជុំនេះ ក៏មានមានការចូលរួមពី អភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, ប្រធានការិយាល័យទាំង១១, ចៅសង្កាត់ពាក់ព័ន្ធ, លោកនាយ-នាយរងប៉ុស្តិ៍ពាក់ព័ន្ធ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។
បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី-ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជន មកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា៥ ៥៣៣ បន្ទប់ ក្នុងនោះ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៧៣មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។
វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង ត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗ មាន៧មុខវិជ្ជា។
ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសា ដែលត្រូវចែកជូនបេក្ខជន៕