(កណ្តាល)៖ ក្រោមការដឹកនាំយកចិត្តទុករបស់ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ អភិបាលរងក្រុង និងសហការី នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានចុះពិនិត្យស្ថានភាពទឹកជន់លិច ដោយបញ្ហាទឹកភ្លៀង ដែលស្ថិតនៅក្នុងសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ព្រមជាមួយគ្នានោះ លោក ចាន់ តារា នាពេលកន្លងទៅថ្មីៗនេះ លោកបានផ្សព្វផ្សាយ ក៏ដូចជាសុំឲ្យបងប្អូនមានការប្រុងប្រយ័ត្ន ចំពោះបងប្អូនដែលរស់នៅតាមតំបន់ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង សូមឲ្យបងប្អូនមានការយកចិត្តទុកដាក់ខ្ពស់ ពិសេសកុមារៗតូចខ្លាចលង់ទឹក និងសត្វអាសីពិសជាដើម។
ទន្ទឹមគ្នានេះ លោក ចាន់ តារា ក៏សូមឲ្យបងប្អូនមេត្តាថែរក្សាសុខភាពឲ្យបានល្អ ញាំទឹកដាំពុះ លាងសំអាតបន្លែ ផ្លែឈើ ឲ្យបានស្អាតល្អ មុននិងចំអិន និងពិសារ។
លោកអភិបាលក្រុង បានឲ្យក្រុមការងារ ដាក់ម៉ាស៊ីនបូមទឹកធ្វើការរំដោះ និងបានស្តារប្រព័ន្ធបង្ហូរទឹក ដើម្បីពន្លឿនការរំដោះទឹកចេញ ឲ្យបានឆាប់រហ័សដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ៕