(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំ «កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤» ក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ»។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥ ដោយអតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤» នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ លោកបណ្ឌិត សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា កម្មវិធីបែងចែកជា៥ប្រភេទពានរង្វាន់រួមមាន៖
* ១៖ ស្ថាប័ន ល្អបំផុតប្រចាំឆ្នាំ (Private Sector of the year)
* ២៖ បច្ចេកវិទ្យាជំរុញការប្រើប្រាស់ ល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the year)
* ៣៖ មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year)
* ៤៖ រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Minister Startup of the year) ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត សំ សិទ្ធិសេរី បានឲ្យដឹងថា កម្មវិធីនឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024/។
សូមជម្រាបថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ ការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖
* ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
* ការលើកទឹកចិត្ត (Motivation)៖ ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល
* ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងវិសីយឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ជំនួញ និងរវាងប្រជាជន ដែលរស់នៅតាម បណ្តាខេត្ត និងក្នុងទីក្រុង ដែលជាកត្តារួមចំណែក ក្នុងការអភិវឌ្ឍវិស័យឌីជីថល នៅព្រះរាជាណាចក្រកម្ពុជា។
* ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយនិងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាង របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល៕