(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត២០២៤ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអន្តរជាតិបណ្ណសារ (ICA/SPO) ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិលើកទី៤ ស្តីពីការប្រកួតបណ្ណសារក្នុងទីក្រុងជីរ៉ូណា ប្រទេសអេស្ប៉ាញ។

លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក. បានសាទរចំពោះលទ្ធផលនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។

លោក ក្រាញ់ តូនី បានបញ្ជាក់ថា «ការទទួលបានចំណាត់ថ្នាក់លេខមួយក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិតនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះការបង្កើតថ្មី និងការសហការគ្នា។ សមិទ្ធិផលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតដ៏ខ្ពស់របស់ក្រុមការងារទាំងមូលរបស់យើងនៅ អ.វ.ត.ក. នេះ។ ប្រាកដណាស់ យើងទាំងអស់គ្នាមិនត្រឹមតែបំពេញការងារជាអ្នកថែរក្សាប្រវត្តិសាស្រ្តរបស់យើងនោះទេ ហើយយើងក៏កំពុងតែរៀបចំឯកសារប្រវត្តិសាស្ដ្ររបស់យើងឱ្យចូលទៅក្នុងយុគសម័យឌីជីថលផងដែរ»

លោកបន្ថែមថា ការប្រកួតនេះមិនត្រឹមតែជាវេទិកាដើម្បីបង្ហាញពីជំនាញបណ្ណសារទូរនិម្មិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់បណ្ណសារនុរក្ស ជាពិសេសនៅក្នុងប្រទេសដូចជាប្រទេសកម្ពុជា ដែលវិជ្ជាជីវៈនេះនៅតែមិនទាន់ត្រូវបានស្គាល់ទូលំទូលាយ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតបណ្ណសារទូរនិម្មិត ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអន្ដរជាតិបណ្ណសារនេះ មានបណ្ណសារជាច្រើនជុំវិញពិភពលោកបានចូលរួម តាមរយៈការតម្រូវឱ្យផលិតវីដេអូខ្លីៗ ដើម្បីបង្ហាញពីសមត្ថភាពជំនាញរបស់បណ្ណសារនុរក្សរបស់ពួកគេក្នុងការគ្រប់គ្រងបណ្ណសារ និងកំណត់ត្រា ហើយចែកចាយវីដេអូទាំងនោះនៅក្នុងបណ្ដាញសង្គមដូច Instagram និងTwitter។ ហើយលទ្ធផលចំណាត់ថ្នាក់លេខមួយដែល អ.វ.ត.ក. ទទួលបាននេះ ត្រូវបានវាយតម្លៃថា ការអនុវត្តការងាររបស់បណ្ណសារនុរក្សរបស់ អ.វ.ត.ក. មានភាពរហ័សរហួន ភាពអត់ធ្មត់ និងការសហការជាក្រុម។

ក្រៅពី អ.វ.ត.ក. ក៏មានជ័យលាភីចំណាត់ថ្នាក់លេខមួយផ្សេងទៀតផងដែរ គឺមជ្ឈមណ្ឌលបណ្ណសារជនបរទេសមកពីប្រទេសហូឡង់។ ចំណែក ចំណាត់ថ្នាក់លេខ២ បានទៅលើបណ្ណសារ Archivo de la Diputación Provincial de Alicante ក្នុងប្រទេសអេស្ប៉ាញ និងសារមន្ទីរអក្សរសាស្ត្រ និងសិល្បៈនៃប្រទេសអ៊ុយក្រែន។ ចំណាត់ថ្នាក់លេខ៣ បានទៅលើបណ្ណសារជាតិស្រីលង្កា នៃប្រទេសស្រីលង្កា សារមន្ទីរ Arxiu Museu Marítim de Barcelona និងបណ្ណសារ Subdirección General de los Archivos Estatales នៃប្រទេសអេស្ប៉ាញ។

បណ្ណសាររបស់ អ.វ.ត.ក. ជាបណ្ណសារមួយនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានរៀបចំឡើងស្របតាមបទដ្ឋានអន្ដរជាតិ ដើម្បីគ្រប់គ្រង និងរក្សាទុកឯកសារជំនុំជម្រះក្ដីលើរបបខ្មែរក្រហម។ នៅក្នុងបណ្ណសារនេះ មានឯកសារច្រើនជាង ២៣២ ០០០ ច្បាប់ ស្មើនឹងជិត ២.៤ លានទំព័រ និង ឯកសារថតជាវីដេអូ និងជាសម្លេងច្រើនជាង ១១ ០០០ម៉ោង។

អ.វ.ត.ក. បានចូលរួមជាសមាជិនៃក្រុមប្រឹក្សាអន្តរជាតិស្តីពីបណ្ណសារ (ICA) ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការទទួលបានអត្ថប្រយោជន៍ ពីអ្នកជំនាញអន្ដរជាតិ និងចូលរួមចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងការគ្រប់គ្រងបណ្ណសារបណ្ណសារផងដែរ។ កិច្ចសហការនេះ បានជួយពង្រឹងតួនាទីរបស់ អ.វ.ត.ក. ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ គណនេយ្យភាព និងការអនុវត្តការងារផ្នែកបណ្ណសារប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា៕