(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញបទប្បញ្ញត្តិទូទៅចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងបទប្បញ្ញត្តិមួយចំនួនទៀត សម្រាប់បេក្ខជនប្រឡង និងបុគ្គលិកអប់រំ​ចំពោះការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ក្នុងមណ្ឌលសំណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ស្អែកនេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ​ត្រូវគោរព​បទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

ជាមួយគ្នានោះក្រសួងអប់រំ បានបញ្ជាក់ទៀតថា នៅក្នុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ស​ម្រាប់បុគ្គលដែលមានសិទ្ធិយកចូល និងប្រើប្រាស់ទូរសព្ទដៃមានដូចជា៖ គណៈមេប្រយោគទូទាំងប្រទេស, ប្រធានអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល, ប្រធានមណ្ឌល, ប្រធានសន្តិសុខប្រចាំមណ្ឌល,អ្នកសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត

បុគ្គលដែលគ្មានសិទ្ធិយកចូល និងប្រើប្រាស់មានដូចជា៖ បេក្ខជនប្រឡង, អនុប្រធាន សមាជិកអប្បមាទ និងជំនួយការអប្បមាទ, អនុប្រធានមណ្ឌល, គណៈកម្មការកណ្តាល អ្នកត្រួតពិនិត្យតាមអគារ និងអនុរក្ស និងសមាជិកសន្តិសុខ និងបុគ្គលិកសុខាភិបាលប្រចាំមណ្ឌល៕