(ស្ទឹងត្រែង)៖ ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ទិសប៉ែកឦសាន ក្នុងថ្ងៃទី២ សម្រាប់ជើងទី៤ នៅថ្ងៃទី៦ ខែ​តុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា បន្ទាប់បានចុះពិនិត្យស្ថានភាពជាក់ស្តែងចំពោះបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ នារសៀលថ្ងៃទី០៥ ខែតុលាម្សិលមិញ។

សម្រាប់ដំណើរទស្សនកិច្ចជើងទី៤នេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០២៤ ដោយក្បួនរថយន្តនៃដំណើរទស្សនកិច្ច បានចេញដំណើរពីរាជធានីភ្នំពេញ នៅម៉ោង៤កន្លះព្រឹក​ថ្ងៃ​សៅរ៍ ទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ហើយនឹងត្រូវវិលត្រឡប់មករាជធានីភ្នំពេញវិញ នៅយប់ថ្ងៃទី៦ ខែតុលា។

ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារ​ដែល​ដឹកនាំ​ដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិ​ការដ្ឋាន​កិច្ច​ការព្រំដែន, លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា​ភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែន​ផង​ដែរ។

ដំណើរទស្សនកិច្ចនេះ គឺបានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅល្អប្រសើររបស់ប្រជាជន​ក្នុងមូល​ដ្ឋាន ស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែងក្នុងមូលដ្ឋាន ជាពិសេសគឺទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញ ពាក់​ព័ន្ធការងារព្រំដែន ការងារបោះ បង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិប​តេយ្យភាព​ជាតិ បូរណ​ភាពទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានស្វែងយល់ផងដែរ​អំពី​ស្ថានភាព​ពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានដែលមានការអភិវឌ្ឍ​ជាក់ស្តែង​យ៉ាង​ច្រើន និងជាបន្តបន្ទាប់។

ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តទាំងពីរនេះ អ្នកចូលរួមទាំងអស់មានឱកាសអញ្ជើញទៅពិនិត្យ​មើលដោយផ្ទាល់នូវបង្គោលព្រំដែនក្នុងទីតាំងដែលជាទីតាំងបង្គោលមេ ព្រមទាំងអញ្ជើញទៅពិនិត្យមើល​ដោយ​ផ្ទាល់នូវ​ទីតាំងបង្គោលសំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំងបង្គោល​តម្រុយ​ព្រំដែន។

ដំណើរទស្សនកិច្ចប៉ែកឦសាននេះ គឺជាសាក្សីរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃ​ការ​ងារ​ព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាច្រើនឡើងៗ ជា​ពិសេស​​អ្នកដែលបានទៅដល់តំបន់ក្រវាត់ព្រំដែនដោយផ្ទាល់រួចហើយ បានចែករំលែកបទពិសោធន៍ល្អ​អំពី​ដំណើរ​ទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការ​បង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណ​ភាពទឹកដីឱ្យ​ស្ថិតនៅគង់​វង្ស​ជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។

ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងក្នុង និងក្រៅប្រទេសកម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រ ព្រោះជាទស្សកិច្ចពលរដ្ឋលើកដំបូងបង្អស់សម្រាប់កម្ពុជា ឬអាចថាក្នុងតំបន់ទាំងមូលក៏ថាបាន។

ដំណើរទស្សនកិច្ចប្រជាពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។

គួរជម្រាបថា ចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសរៀចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមកកាន់តំបន់ទិសឦសាន គឺមានប្រជាពលរដ្ឋ មកពីគ្រប់ស្រទាប់វណ្ណៈ បានចុះឈ្មោះ ដើម្បីបានមកពិនិត្យដោយផ្ទាល់ពីស្ថានភាពនៅតាមបន្ទាត់ព្រំដែន។ តាមរយៈចុះមកឃើញផ្ទាល់ភ្នែក ប្រជាពលរដ្ឋបានអះអាងថា ការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន គ្មានប្រសិទ្ធភាពឡើយ, ពួកគាត់បានឃើញនឹងភ្នែកច្បាស់លាស់ រាជរដ្ឋាភិបាលកម្ពុជាបានការពារនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ហើយអ្វីដែលក្រុមជ្រុលនិយមនិយាយពីបញ្ហាព្រំដែន និងការបំភ្លៃលើការបាត់បង់ទឹកដី គឺគ្រាន់តែជាការភូតកុហកដែលគេមិនដែលជឿម្តងណាឡើយ។

Saray Vann, [10/06/2024 04:03 PM]
សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕