(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឱ្យដឹងថា ការផ្ញើកង់ម៉ូតូរបស់បេក្ខជន ដែលមកចូលរួមប្រឡងទុតិយភូមិ នៅក្នុងខេត្តតាកែវ មិនតម្រូវឲ្យបង់ប្រាក់នោះទេ ពោលជាបន្ទុករបស់អាជ្ញាធរ ក្នុងការរៀបចំជូនបេក្ខជន។

ការថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំណែនាំគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធាន អនុប្រធានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។

លោកក៏បានណែនាំដល់អភិបាលក្រុងស្រុកដែលមានមណ្ឌលប្រឡងត្រូវពិនិត្យ មើលបញ្ហាថ្លៃផ្ទះសំណាក់ និងការលក់ម្ហូបអាហារឲ្យបានច្បាស់លាស់ មិនត្រូវបណ្ដែតបណ្ដោយ ឱ្យជនឱកាសនិយម ពេលប្រឡងទុតិយភូមិ ឆ្លៀតកេងចំណេញពីបញ្ហានេះទេ ព្រោះប៉ះពាល់ដល់សិស្សានុសិស្ស ដែលមកចូលរួមប្រឡង ហើយបើមានបញ្ហានេះ កើតឡើងត្រូវចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំសមត្ថកិច្ចទាំងអស់ ត្រូវជួយរៀបចំសណ្ដាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍តាមបណ្ឌលប្រឡងឲ្យបានល្អប្រសើរ ហើយចំពោះការផ្ញើកង់ម៉ូតូរបស់បេក្ខជនចូលរួមប្រឡងមិនតម្រូវឲ្យបង់ប្រាក់នោះទេ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡង ៨ តុលា ២០២៤ សម្រាប់ខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន១៧ ស្មើនឹង ៣៧៧បន្ទប់ មានបេក្ខជនសរុប ៩,៣៤២នាក់ ស្រី ៤៩៦៧នាក់។

នៅក្នុងនោះដែរ ថ្នាក់វិទ្យាសាស្រ្ត មាន ៥មណ្ឌល ស្មើនឹង ១០០បន្ទប់ មានបេក្ខជនសរុប ២,៤៣៩នាក់ ស្រី ១,៤៨៤នាក់ និង ថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១២មណ្ឌល ស្មើនឹង ២២៧បន្ទប់ មានបេក្ខជនសរុប ៦,៩០៣នាក់ ស្រី ៣,៤៨៣នាក់៕