(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ដើម្បីដាក់វិធានការការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ «បាក់ឌុប» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៨ រហូតដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅតាមមណ្ឌលប្រឡងក្នុងក្របខណ្ឌខេត្តកំពង់ចាម។

កិច្ចប្រជុំនោះ ធ្វើឡើងរសៀលថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២៤ ក្រោមអធិបតី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ចាម ។

លោកអភិបាលខេត្តបានយកឱកាសនោះ ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវមានមុខនៅតាមមណ្ឌលប្រលង នៅថ្ងៃទី៨ តុលានេះ សូមឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ជួយសម្របសម្រួល និងដោះស្រាយការកកស្ទះចរាចរណ៌ ដោយប្រើប្រាស់កម្លាំងអន្តរាគមន៍របស់អាជ្ញាធរ ដើម្បីជួយសម្របសម្រួលនៅពេលកកស្ទះតាមដងផ្លូវ ធ្វើយ៉ាងណាឲ្យបេក្ខជនទៅប្រឡង ឱ្យបានទាន់ពេលវេលា។

លោកអភិបាកខេត្តបន្តទៀតថា ដើម្បីជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាល និងប្អូនៗបេក្ខជនប្រឡងមកពីបណ្ដាស្រុកផ្សេងៗ រដ្ឋបាលក្រុង-ស្រុក ត្រូវការពារសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យបានល្អ និងធ្វើសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅជិតមណ្ឌលប្រឡង ឬពិធីបុណ្យផ្សេងៗ ជាដើម មិនត្រូវបង្កឲ្យមានសំឡេងរំខាន ដល់មណ្ឌលប្រឡងនោះទេ។ ម្យ៉ាងវិញទៀតចំពោះសិស្សក្រីក្រដែលមិនមានលទ្ធភាពមកប្រឡងបាក់ឌុប អាជ្ញាធរក្រុងស្រុក ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូន និងកន្លែងស្នាក់នៅឲ្យបានសមរម្យ ចំពោះការផ្ញើកង់ឬម៉ូតូរបស់សិស្ស គឺមិនតម្រូវឲ្យយកលុយនោះទេ។

ជាមួយគ្នានោះដែរ លោក ឡៅ ឈីវអ៊ាវ បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប កាន់តែខិតឈានមកដល់ ក្រសួងអប់រំ បានបើកកិច្ចប្រជុំជាមួយគណៈមេប្រយោគ អភិបាលនៃគណៈអភិបាលខេត្ត ហើយក៏ដើម្បីរក្សាហឹបវិញ្ញាសាប្រឡង ការរៀបចំសន្តិសុខ សុវត្ថិភាពនៅតាមមណ្ឌលសំណេរនៅតាមខេត្ត។

លោករអនុដ្ឋលេខាធិការ បានបន្តថា ការបើកកិច្ចប្រជុំនាពេលនេះ ក៏មានការចូលរួមពីសំណាក់តំណាងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំង ប្រដាប់អាវុធ តំណាងមន្ទីរសុខាភិបាលរាជធានីខេត្ត ដើម្បីបង្ហាញពីយន្តការនៃការប្រឡងក្នុងខេត្ត ធ្វើយ៉ាងណា ឱ្យដំណើរការប្រឡងនេះប្រព្រឹត្តទៅដោយភាពរលូន៕