(កណ្ដាល)៖ ក្នុងរដូវទឹកឡើងឆ្នាំនេះ ខេត្តកណ្តាល មានមនុស្សលង់ទឹកស្លាប់ និងស្លាប់ដោយសារហាត់សមអុំទូកសរុប១០នាក់ហើយ ខណៈលោក គួច ចំរើន អភិបាលខេត្ត បានសំដែងក្ដីរន្ធត់ចិត្ត និងចូលរួមបុណ្យ គោរពវិញ្ញាក្ខន្ធសពដោយផ្ទាល់ ហើយសពខ្លះ លោកបានចាត់តំណាងចូលរួម ជាមួយសាររំលែកទុក្ខយ៉ាងក្រៀមក្រុំ។

អំឡុងពេលចុះគោរពវិញ្ញាក្ខន្ធសពយុវជនម្នាក់ ដែលហាត់សមអុំទូកកាលពីចុងសប្ដាហ៍នេះ លោកអភិបាលខេត្ត​កណ្ដាល​ បានសំដែងទុក្ខដ៏សែនសោកសង្រេងក្រៃលែង និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សា ដួងវិញ្ញាណក្ខន្ធ លោក ជូរី ឌីតា យុវជនដែលស្លាប់អំឡុងពេលហាត់សមនោះ និងសពទាំងអស់ បានទៅកាន់សុគតិភព។

សូមជម្រាបថា ក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ​ លោកអភិបាលខេត្ត បានអញ្ជើញចូលរួមបុណ្យ​ និងចាត់តំណាង​ចូលរួម​បុណ្យសព​ ដោយសារលង់ទឹក​ចំនួន​១០​សពរួចមកហើយ។ ក្នុងនោះស្រុកស្អាង មានអ្នកស្លាប់ដោយសារលង់ទឹកចំនួន ៥នាក់ ច្រើនជាងគេបង្អស់ទូទាំង ១៣ក្រុង-ស្រុក ក្នុងខេត្តកណ្ដាល។

បន្ទាប់ពីចូលរួមបុណ្យសពយុវជនលង់ទឹករួចមក លោកអភិបាលខេត្ត និងប្រតិភូបន្តគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះគ្រូឥន្ទជោត្តោ ប៉ែន ជា ព្រះចៅអធិការវត្តពោធិរាម្មា ក្នុងសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលបានទទួលអនិច្ចធម្ម នៅថ្ងៃសុក្រ២កើត ខែអស្សុជ ផ្ទាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤៕