(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយលោក បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ដើម្បីត្រៀមរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសម្រាប់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
កិច្ចប្រជុំនេះបានពិភាក្សាទៅលើការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមមណ្ឌលប្រឡងនីមួយៗឲ្យបានល្អ ការទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗតាមគ្រប់រូបភាព ការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសា ការងារអាជីវកម្មអ៉ីនធើណិត និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចផ្សេងៗពាក់ព័ន្ធនឹងការប្រឡង និងកិច្ចសហការពីម្ចាស់អាជីវកម្ម ដែលត្រៀមលក់ដូរនៅក្បែរបរិវេណមណ្ឌលប្រឡងឱ្យផ្អាកជាបណ្តោះអាសន្ន។
លោកបានណែនាំឱ្យមន្ត្រីជួយសម្របសម្រួលជាមួយម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់ និងកន្លែងលក់ដូរ បាយម្ហូប កុំឱ្យមានការដំឡើងថ្លៃ ក្នុងពេលប្រឡងសម្រាប់បេក្ខជន និងគណៈមេប្រយោគ ក៏ដូចជាផ្តល់សន្តិសុខ និងសុវត្តិភាពនៅក្នុងពេលស្នាក់នៅ ព្រមទាំងជួយសម្រួលការផ្ញើកង់និងម៉ូតូរបស់បេក្ខជនដោយមិនគិតថ្លៃ និងមានសុវត្ថិភាពជាដើម ក្នុងនោះសម្របសម្រួលជាមួយបណ្តាវត្តនានា ដែលផ្តល់កន្លែងស្នាក់ហូបចុកដល់បេក្ខជនផងដែរ៕