(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបជុំវិញក្រុង បានចូលរួមប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធាន ការិយាល័យ ចំណុះ នាយក នាយិកា នាយករង នាយិការង វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា ចំណុះការិយាល័យអប់រំ យុវជន និងកីឡា ក្រុងប៉ោយប៉ែត។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា សូមមន្ត្រីចូលកាន់តំណែងថ្មី ត្រូវខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច កិច្ចការរាល់ថ្នាក់លើបានដាក់ និងប្រគល់ជូន ដើម្បីចូលរួមកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយមន្ដ្រីទាំងអស់ នៃមន្ទីរអប់រំ យុវជន និងកីឡា ក្រុងប៉ោយប៉ែត ត្រូវបន្ដយកចិត្តទុកដាក់ បន្ថែមទៀតក្នុងអប់រំ ដល់សិស្សានុសិស្ស។
លោកក៏បានអំពាវនាវ ឲ្យមន្ត្រីការិយាល័យច្រកចេញ ក្នុងនាមជាមន្ត្រីសាធារណៈ ត្រូវតែបម្រើការងារជូនប្រជាពលរដ្ឋ ឲ្យអស់ពីកម្លាំងកាយចិត្ត អ្វីដែលធ្វើទៅរួច និងមិនត្រូវឲ្យប្រជាពលរដ្ឋ ទើសចិត្តឡើយ អ្វីដែលពួកគាត់ចង់បាន រហ័សទាន់ចិត្ត ទាន់ពេលវេលា។ ក្នុងនោះដែរ លោកអភិបាលខេត្ត បានថ្លែងកោសសរសើរ ដល់ប្អូនៗ ក្មួយៗ ដែលបានប្រឡងជាប់កន្លងមកនេះ ដែលបានទទួលនូវអ្វីដែលអាជ្ញាធរខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត និងយកចិត្តទុកយ៉ាងខ្លាំងចំពោះ ប្អូនៗ ក្មួយៗ បានប្រឡងជាប់ និងទទួលបានអំណោយពីសម្តេចតេជោ ផងដែរ។
សូមបញ្ជាក់ថា ការប្រកាសមន្ត្រីរាជការនេះ មានចំនួន១០រូប នៅវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា នៃការិយាល័យអប់រំ យុវជន និង កីឡាក្រុងប៉ោយប៉ែត, ប្រកាសប្រគល់ភារកិច្ចមន្ត្រីរាជការ ចំនួន១១រូប នៅសាលាបឋមសិក្សា នៃការិយាល័យអប់រំ យុវជន និង កីឡាក្រុងប៉ោយប៉ែត និងប្រកាស មន្ត្រីរាជការ ចំនួន៣រូប នៅសាលាក្រុងប៉ោយប៉ែត រួមមាន៖ ប្រធានការិយាល័យច្រកចេញចូល ១រូប អនុប្រធានការិយាល័យច្រកចេញចូល ១រូប ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ ១រូប និងប្រគល់ភារកិច្ចជូន លោក ម៉ក រតនា ជាអនុប្រធាន ការិយាល័យអភិវឌ្ឍក្រុងប៉ោយប៉ែត៕