(កំពង់ធំ)៖ លោក នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈគណបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ។
លោក នួន ផារ័ត្ន បានថ្លែងក្នុងកិច្ចប្រជុំជីវភាពខែកញ្ញា និងលើកទិសដៅការងារខែតុលានៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។
លោកបន្តថា ថ្នាក់ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ ជាពិសេសសូមបន្តចុះមូលដ្ឋានជួបបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាកសួរសុខទុក្ខ និងទទួលយកនូវបញ្ហា និងសំណូមពររបស់ពួកគាត់ យកមកប្រជុំពិភាក្សាធ្វើការដោះស្រាយហើយបានទាន់ពេលវេលា។
លោកបន្តទៀតថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែគិតពីបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋ ពិសេស បទល្មើសព្រហ្មទណ្ឌ ការអនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព សភាពការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងជីវភាពរបស់ប្រជាជន៕