Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​អភិបាលខេត្តសៀមរាប អន្ដរាគមន៍ចំពោះ ទិន្នផលល្ពៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

04-10-2016 21:36

(សៀមរាប)៖ ស្រុកស្វាយលើ ខេត្តសៀមរាប ជាតំបន់កសិកម្មដែលប្រជាកសិករដាំដំណាំឈើហូបផ្លែជាច្រើនមុខ ជាពិសេសដាំណាំល្ពៅ​ ហើយ​ការប្រមូលផល តម្លៃផ្លែល្ពៅ មានការធ្លាក់ចុះរហូតដល់ ១០០រៀល​ ក្នុងមួយគីឡូក្រាម ហើយត្រូវបានលោក ឃឹម ប៊ុនសុង ណែនាំឲ្យមន្ដ្រីក្រោមឱវាទ ចុះជួយអន្ដរាគមន៍ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ។

លោក ឃឹម ប៊ុនសុង បានប្រាប់អង្គភាព Fresh News ថា «ខ្ញុំបានណែនាំឲ្យអាជ្ញាធរស្រុក ប្រមូលកម្លាំង ដើម្បីចុះជួយ ពលកម្មក្នុងការប្រមូលផលផ្លែល្ពៅ ដោយសារប្រជាកសិករ ពុំមានលទ្ធភាពចំណាយពលកម្មលើការប្រមូលផលដើម្បីយក មកកាន់ទីរួមស្រុកស្វាយលើ ដោយអាជីវករចាំទទួលទិញតម្លៃ ៤០០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែល្ពៅដែលនៅសល់ បានដឹកជញ្ជូនមកសាលាខេត្ត ដើម្បីខេត្តបែងចែកទៅដល់សណ្ឋាគារ ភោជនីយដ្ឋាន សហគ្រាសឯកជន និងទីផ្សារធំៗ ក្នុងខេត្ត ជួយទិញផលិតផលផ្លែល្ពៅតម្លៃ ៤០០​រៀល ក្នុងមួយគីឡូក្រាម តាមសំណូមពរប្រជាកសិករ ហើយដោយមាន ការគាំទ្រ ពីផ្នែកពាក់ព័ន្ធខាងលើ យើងបានឯកភាពគ្នា ទិញក្នុងតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម ពោលគឺ ១២៥ដុល្លារ ក្នុងមួយតោន​»

លោកអភិបាលខេត្ត បន្ថែមថា តាមការឲ្យដឹងពីអាជ្ញាធរមូលដ្ឋាន ផ្លែល្ពៅនៅចំការ មានប្រមាណពី ៥០ទៅ ៦០តោន ដែលជាក់ស្តែង ថ្ងៃនេះ បានដឹកជញ្ជូនមកដល់ក្រុងសៀមរាប ជាបន្តបន្ទាប់ហើយ ដូច្នេះបញ្ហាប្រឈមខ្វះទីផ្សារ និងតម្លៃថោក នៃផ្លែល្ពៅត្រូវបានដោះស្រាយបញ្ចប់ក្តីកង្វល់ របស់ប្រជាកសិករ​ទាំងស្រុង។ ជាមួយគ្នានេះដែរ លោក ឃឹម ប៊ុនសុង ​សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនទាំងអស់ ដែលបានរួមចំណែកជួយ ប្រជាកសិករ​ ជាមួយអាជ្ញាធរខេត្ត៕