(ភ្នំពេញ)៖ រយៈពេល០៦ថ្ងៃ ពោលចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៧១,៣៦០នាក់​ បាន​ទទួល​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ​ ប្រកប​ដោយ​ផាសុកភាព​ សុវត្ថិភាព​ និង​រីករាយ​ ដែលជាការផ្ដល់ជូនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

តាមរយៈ​ លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​​ប្រជាពលរដ្ឋ​បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ម៉ាណែត​​ ដែលបាន​​ផ្តល់​សេវា​ដឹក​ជញ្ជូន​ ដោយ​មិន​គិត​ថ្លៃ​ ជួយសម្រាល​បន្ទុក​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​បាន​យ៉ាង​ច្រើន​។

សូមជម្រាបថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចប៉ុន្មានឆ្នាំមុនផងដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន សម្រេច បញ្ចេញរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើតដោយមិនគិតថ្លៃ។

ការធ្វើបែបនេះ បានជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ហើយបាននាំមកនូវក្តីរីករាយដល់ប្រជាពលរដ្ឋផងដែរ។

ការបានរថយន្តជិះទៅលេងស្រុកកំណើតមិនអស់ថ្លៃជាក្តីរីករាយមួយទៅហើយសម្រាប់ប្រជាពលរដ្ឋ ពួកគាត់រឹតតែរំភើបរីករាយថែមទៀតនៅពេលបានឃើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះទៅជូនដំណើរដោយផ្ទាល់៕