(ភ្នំពេញ)៖ គិតត្រឹមម៉ោង២៖០០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ហឹបវិញ្ញាសាទាំងអស់សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្តប្រកបដោយសុវត្ថិភាព។

ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដានៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះភាគីពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដាខេត្តនានា ប្រកបដោយការទទួលខុសត្រូវខ្ពស់៕