(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកទឹកឈូ ខេត្តកំពត បានដឹកនាំប្រជុំជាមួយក្រុមយុវជន ស.ស.យ.ក ស្រុក ដើម្បីពិភាក្សាការងាររៀបចំ «យុទ្ធនាការចែក រំលែកក្តីស្រឡាញ់» ទៅកាន់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ដោយរៀបចំយាមម៉ូតូ កង់ និងចែកជូននូវទឹកសុទ្ធ បាយកញ្ចប់ (អាហារថ្ងៃត្រង់) ដោយឥតគិតថ្លៃ ជូនដល់ប្អូនៗបេក្ខជនប្រឡង ដែលជួបការលំបាក ទាំង៣មណ្ឌល ក្នុងស្រុកទឹកឈូ ខេត្តកំពត។ ការប្រជុំនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកទឹកឈូ។
មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរស្រុក ក៏នឹងបានត្រៀមរៀបចំផ្ទះសំណាក់មួយចំនួន ក្នុងទីរួមខេត្តកំពត ដើម្បីជួយដល់បេក្ខជនដែលខ្វះខាត មកពីបណ្តាក្រុង-ស្រុកផ្សេងៗទៀត ក្នុងខេត្ត ឲ្យស្នាក់នៅដោយឥតគិតថ្លៃទៀតផងដែរ។
គួររំលឹកថា ក្នុងអង្គប្រជុំ លោកលោកអភិបាលស្រុកទឹកឈូ អ៉ឹម ច័ន្ទសោធន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន ៤,១៧០,០០០ រៀល ដល់ក្រុមការងារ ស.ស.យ.ក សម្រាប់យកទៅចាត់ចែងការងារយុទ្ធនាការ ចែកបាយកញ្ចប់, ទឹកសុទ្ធ និងថវិកា ចំនួន ១,៤០០,០០០ រៀលទៀត សម្រាប់ក្រុមការងារទទួលផ្ញើមធ្យោបាយ កង់-ម៉ូតូ ទាំង៣មណ្ឌល ក្នុងស្រុក។
សរុបថវិកា ចំនួន ៥,៥៧០,០០០ រៀល សម្រាប់ផ្តល់កន្លែងស្នាក់នៅ រួមនឹងម្ហូបអាហារដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ ក្នុងឱកាសប្រលង នាប៉ុន្មានថ្ងៃខាងមុខនេះ៕