(ពោធិ៍សាត់)៖ លោកបណ្ឌិត ថោ គឿន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនជូនព្រះសង្ឃចំនួន ៣៥វត្ត ក្នុងខេត្តពោធិ៍សាត់ ក្រោយចប់រដូវកាលបុណ្យភ្ជុំបិណ្ឌ។

នាឱកាសប្រគេនអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នោះ លោកបណ្ឌិត ថោ គឿន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ប្រគេនដល់ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃ និងពុទ្ធបរិស័ទទាំងអស់ដោយក្តីនឹករលឹក។

លោកបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ពីការលំបាកទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ពោល ទីណាមានទុក្ខលំបាក ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដោះស្រាយ។

លោកបណ្ឌិត ថោ គឿន បានបន្តទៀតថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត ទន្ទឹមនោះលោកបានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា វត្ត ស ៣ គឺវត្តស្អាត វត្តស្វាង និងវត្តស្ងប់ ។

នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា បានប្រគេននូវទេយ្យទានដល់វត្តចំនួន ៣៥វត្ត ក្នុងនោះគណៈមហានិកាយចំនួន ៣១វត្ត និងគណៈធម្មយុត្តិកនិកាយចំនួន ៤វត្ត នៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ដោយក្នុង១វត្ត ទទួលបានអង្ករចំនួន ៣០០គីឡូក្រាម ដែលជាសទ្ធាជ្រះថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

ព្រះពោធិវង្សវិមលរតនបញ្ញោ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចកក្រកម្ពុជា និងជាព្រះមេគណខេត្តពោធិ៍សាត់ តំណាងព្រះមន្រ្តីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទ ទាំង៣៥វត្ត មានក្តីរំភើបរីករាយ និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ ការលំបាក ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។

ព្រះពោធិវង្សវិមលរតនបញ្ញោ កែវ កន បានបួងសួងវត្ថុសក្ដិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ដល់សម្ដេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងក្រុមគ្រួសារទាំងមូលក្នុងឱកាសឆ្លងពិធីបុណ្យភ្ជុំបិណ្ឌផងដែរ៕