(ហ្សាការតា)៖ តមតាមការអញ្ជើញរបស់លោក Sonexay Siphandone ប្រធានអាស៊ានឆ្នាំ២០២៤ និងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមមាន៖ ជំនួបរវាងមេដឹកនាំអាស៊ានជាមួយតំណាងអន្តរ-សភាអាស៊ាន ជំនួបរវាងមេដឹកនាំអាស៊ាន ជាមួយតំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងជំនួបរវាងមេដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាន ពីថ្ងៃទី ៨ ដល់ ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមប្រធានបទ «អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់»។
នៅមុនពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ អគ្គលេខាធិការអាស៊ាន ក៏នឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៤ វេទិកាវិនិយោគអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២៨ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៥ កិច្ចប្រជុំកំពូលធុរកិច្ច និងការវិនិយោគអាស៊ាន ព្រមទាំងចូលរួមក្នុងកម្មវិធីទទួលស្វាគមន៍ពិសេស រៀបចំដោយសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ពីថ្ងៃទី ៧ ដល់ ៨ ខែតុលា ឆ្នាំ២០២៤ ផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ លោកបណ្ឌិត កៅ គឹមហួន គ្រោងជួបទ្វេភាគីជាមួយមេដឹកនាំ និងប្រធានគណៈប្រតិភូ នៃប្រទេសដៃគូខាងក្រៅរបស់អាស៊ាន ព្រមទាំងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ស្វែងរកវិស័យកិច្ចសហការដែលពុំមានប្រើប្រាស់ និងជំរុញគោលដៅកសាងសហគមន៍អាស៊ាន។
កិច្ចប្រជុំជាបន្តបន្ទាប់នេះ នឹងដើរតួជាវេទិកាដ៏មានសារៈសំខាន់ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន ដាក់ចេញអាទិភាពអនាគត និងបញ្ជាក់សាជាថ្មីនូវតួនាទីរបស់អាស៊ាន ក្នុងការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ព្រមទាំងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕