(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលាខេត្ត ព្រះសីហនុ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
កិច្ចប្រជុំនេះបានសម្រេច និងផ្តោតលើកិច្ចការសំខាន់ៗ មួយចំនួនដូចជា៖
ទី១៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅទីតាំងប្រារព្ធពិធីត្រូវបញ្ចប់រួចរាល់ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្របជាមួយគ្នានេះ សាលាខេត្ត សាលាក្រុង ត្រូវរៀបចំផ្លូវយ៉ាងតិច២ ជាគំរូសម្រាប់ទេសចរដើរកម្សាន្តពេលយប់។
ទី២៖ ទន្ទឹមនេះដែរ នៅក្នុងខេត្តសាលាក្រុងត្រូវរៀបចំ និងធានាឲ្យបាននូវសណ្តាប់ធ្នាប់ភាពស្អាត និងមានអនាម័យល្អ ដោយបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន ក្នុងកិច្ចការងារទីក្រុងស្អាតផ្តើមចេញ ពីគ្រួសារមួយទៅភូមិមួយ ពីភូមិមួយទៅឃុំ សង្កាត់១ ពីខណ្ឌ ស្រុក ពិសេសក្រុង រហូតខេត្តទាំងមូល ដើម្បីអបអរពិធីបុណ្យសមុទ្រនាពេលខាងមុខនេះ ព្រមជាមួយនោះត្រូវបំផុសឲ្យប្រជាពលរដ្ឋ ត្រៀមរៀបចំផ្ទះសម្បែង ចូលរួមទទួលភ្ញៀវទេសចរស្នាក់នៅ។ ខេត្តទាំង៤ ជាប់ឆ្នេរក៏ត្រូវជួយត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដើម្បីទទួលទេសចរ។
ទី៣៖ ត្រូវបង្កើនការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន និងសេវាកម្សាន្តផ្សេងៗទៀត តាមវិធីបើកវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងការអប់រំដោយផ្ទាល់ នៅតាមមូលដ្ឋានអាជីវកម្មនិមួយៗ ត្រូវយកចិត្តទុកដាក់បញ្ហាអនាម័យម្ហូបអាហារ រួមទាំងដងផ្លូវសាធារណៈ បន្ទប់ទឹក ត្រូវតែស្អាតមានអនាម័យល្អ អ្នកបម្រើត្រូវមានឯកសណ្ឋានគ្រប់ៗគ្នា និងប្រកបដោយវិជ្ជាជីវះ។ ក្នុងនោះដែរ អាជ្ញាធរខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំកុំឲ្យមានការឡើងថ្លៃ គ្រប់សេវាកម្មស្នាក់នៅហូបចុក ត្រូវសរសេរប្រកាសតម្លៃឲ្យបានច្បាស់ ហើយត្រូវអនុវត្តហ្មឺងហ្មាត់តាមតម្លៃដែលខ្លួនប្រកាស និងត្រូវរៀបចំយុទ្ធនាការឃោសនា ផ្សព្វផ្សយឲ្យបានល្អតាមគ្រប់រូបភាព និងមធ្យោបាយ។
ទី៤៖ សម្រាប់មធ្យោបាយដឹកជញ្ជូន ដូចជារថយន្តតាក់ស៊ី ត្រូវជំរុញឲ្យមានការកែលម្អសោភ័ណ្ឌភាព គុណភាព ម៉ូតូឌុបត្រូវមានឯកសណ្ឋាន អាវកាក់បំពាក់លេខសំគាល់ត្រឹមត្រូវ កាណូតទេសចរណ៍ត្រូវបំពាក់សម្ភារៈ សង្គ្រោះគ្រប់គ្រាន់ អ្នកបើកបរ និងបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានត្រឹមត្រូវ។
ទី៥៖ ពាក់ព័ន្ធនឹងការរៀបចំឆ្នេរកម្សាន្ត ត្រូវខិតខំរៀបចំឲ្យទាន់ពេលវេលា តាមការកំណត់ ពិសេសទីតាំងឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល១ ឆ្នេរអូរឈើទាល២ និងឆ្នេរកោះពស់ ដោយឡែកនៅឆ្នេរកោះពស់ ក្រុមហ៊ុនវិនិយោគ ត្រូវសហការជាមួយក្រុមហ៊ុនជំនាញ រៀបចំកម្មវិធីធ្វើយ៉ាងណាឲ្យមានសកម្មភាពរស់រវើក សម្រាប់អបអរពិធីបុណ្យសមុទ្រនេះ។
ទី៦៖ ការរៀបចំសកម្មភាពកីឡាឲ្យសម្បូរបែប ទាំងកីឡាលើគោក លើឆ្នេរ និងលើទឹក ដូចជាកីឡាកាយ៉ាក់ និងទូកក្តោងជាដើម។
ទី៧៖ ការរៀបចំតាំងពិព័រណ៏ត្រូវផ្តល់អទិភាពដល់សិប្បកម្ម និងផលិតផលក្នុងស្រុក ដោយមានការសហការជាមួយ ក្រសួងពាណិជ្ចកម្ម និងសភាពាណិជ្ចកម្ម ខេត្តព្រះសីហនុ។ ស្របជាមួយគ្នានេះក៏មានការរៀបចំពិព័រណ៍អភិវឌ្ឍតំបន់ឆ្នេរ ការអភិវឌ្ឍរបស់ខេត្តតំបន់ឆ្នេរទាំងបួន និងការតាំងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈផងដែរ។ ចំពោះក្បនព្យុហយាត្រា និងទស្សនីយភាពសិល្បៈ ត្រូវសហការឲ្យបានល្អជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បតាមផែនការដែលបានគ្រោងទុក។
ទី៨៖ យកចិត្តទុកដាក់បង្កើនការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យរបៀបរៀបរយសាធារណៈឲ្យកាន់តែល្អប្រសើរ។ ពិធីការខេត្ត និងពិធីការក្រសួងទេសចរណ៍ ត្រូវសហការជាមួយគណៈកម្មាធិការបុណ្យជាតិ អន្តរជាតិ ក្នុងការទទួលបដិសណ្ឋារកិច្ច គណប្រតិភូ និងក្រុមសិល្បៈប្រទេសជាមិត្តឲ្យបានល្អ។ ជារួមត្រូវយកឱកាសរៀបចំពិធីបុណ្យសមុទ្រនេះ ដើម្បីរៀបចំអភិវឌ្ឍខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញទីក្រុងបៃតង ឆ្នេរខ្សាច់ស្អាត និងទឹកសមុទ្រខៀវស្រងាត់៕