(ភ្នំពេញ)៖ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៤តុលានេះថា គ្មានជម្រកមូសខ្លា គ្មានគ្រុនឈាម និងគ្មានជំងឺហ្ស៊ីកា ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ ត្រូវចូលរួមលុបបំបាត់ជម្រកមូសខ្លា ឲ្យបានគ្រប់ៗគ្នា ។
លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដថា ក្រសួងសុខាភិបាល និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ទាំងរាជធានី-ខេត្ដ បានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ខ្ពស់ ធ្វើយ៉ាងណា លប់បំបាត់ជម្រកមូសខ្លា ទោះមិនបាន១០០%ភាគរយក៏ដោយ ក៏អាចជួយកាត់បន្ថយបានខ្លះដែរ ព្រោះជម្រកមូសខ្លា គឺអាចកើតមានគ្រប់ទីកន្លែងទាំងអស់ ហើយក៏អាចកើតឡើងគ្រប់ពេលផងដែរ ដូច្នេះបើចង់លប់បំបាត់នូវជម្រកមូសខ្លានេះ ត្រូវតែចូលរួមចំណែកពីប្រជាពលរដ្ឋយើងទាំងអស់គ្នាដែលជាកត្ដាចាំបាច់បំផុត ដើម្បីកុំឲ្យកើតជំងឺគ្រុនឈាម និងជំងឺហ្ស៊ីកា។
លោកវេជ្ជបណ្ឌិតបន្ដថា ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមការងាររបស់យើង បានបន្តចុះអប់រំផ្សព្វផ្សាយអនាម័យលំនៅដ្ឋាន វិធានការបង្ការ និងការពារជំងឺគ្រុនឈាម/ជំងឺបង្ករដោយវីរុសZika ព្រមទាំងចុះបាញ់ថ្នាំកំចាត់មូសនៅសង្កាត់ស្ទឹងមានជ័យផងដែរ ពោលគឺដើម្បីលប់បំបាត់ទឹកដក់ថា្ល នៅក្នុងសំបកកង់ ឡាន ម៉ូតូ កំប៉ុង-ល-។
លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នគ្មានជម្ងឺ Zika នៅកម្ពុជាទេ ហើយមូសខ្លា ជាភ្នាក់ងារចម្លងមេរោគគ្រុនឈាម និង Zika «ពោលជម្ងឺគ្រុនឈាម និងZika មានភ្នាក់ងារចម្លងដូចគ្នា (គឺមូសខ្លា)»៕