(ភ្នំពេញ)៖ លោក សែម សុវណ្ណនី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សចំនួន១៣៥នាក់ ដែលត្រៀមប្រលងសញ្ញាបត្រទុតិយភូមិ ឆ្នាំ២០២៤ នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកបានណែនាំដល់សិស្សានុសិស្សទាំងអស់ មុនទៅប្រលងត្រូវរៀបចំសម្ភារៈ គ្រឿងបំពាក់ និងស្មារតីរៀនសូត្រ ជាពិសេសលោកបានប្រកាសថានឹងផ្ដល់១លានរៀលសម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A ផងដែរ។
សូមជម្រាបថា ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងធ្វើឡើងរយៈពេល២ថ្ងៃ នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានបេក្ខជនចូលរួមប្រមាណជាង ១៣ម៉ឺននាក់។
* ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤
* ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
* ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
* ក្រសួងកំណត់យកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕