Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ថោង ខុន៖ កីឡាជាតិ នឹងរៀបចំយ៉ាងអធិកអធមបំផុត ដើម្បីត្រៀម SEA Games 2023

04-10-2016 21:59

(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិ លើកទី១ ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្ររបស់កម្ពុជា នឹងចាប់ផ្ដើមនាចុង ខែតុលានេះហើយ ដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានកំណត់យកកីឡា ១៤ប្រភេទ សម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍នេះ។

ស្របពេលជាមួយគ្នានេះដែរ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC រួមទាំងភាគីពាក់ព័ន្ធ បានប្ដេជ្ញាចិត្តរួមគ្នារៀបចំការប្រកួតនេះឲ្យបានអធិកអធមបំផុត ដើម្បីដកស្រង់បទពិសោធន៍ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម (SEA Games) លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីបើក និងបិទការប្រកួតកីឡាជាតិ លើកទី១ នៅទីស្នាក់ការ NOCC កាលពីម្សិលមិញ លោក ថោង ខុន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែតុលា ហើយបញ្ចប់នៅថ្ងៃទី០៥ ខែវិច្ឆិកា ខណៈពិធីបើកការប្រកួតផ្លូវការធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា និងពិធីបិទធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយទទួលបាន ការផ្ដល់កិត្តិយសចូលរួមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។

ប្រធាន NOCC ដដែលបានបញ្ជាក់ទៀតថា ដោយសារការប្រកួតកីឡាជាតិនេះ ត្រូវបានរៀបចំក្នុងគោលបំណងដក យកបទពិសោធន៍ ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដូច្នេះទាំងពិធីបើក និងបិទ គឺសុទ្ធតែរៀបចំតាមលំនាំ ការប្រកួតកីឡាស៊ីហ្គេម និងព្រឹត្តិការណ៍កីឡាអន្ដរជាតិមួយចំនួន ដែលក្នុងនោះមានកម្មវិធីសំខាន់ៗ ដូចជាការបង្ហាញនូវ ទស្សនីយភាពវប្បធម៌ និងកីឡាក្បាច់គុនបុរាណខ្មែរ ការបំពាក់ភ្លើងពណ៌ អមដោយភ្លេងស្ដង់ដាអន្ដរជាតិដែលជួលក្រុមហ៊ុន ត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ីមករៀបចំតែម្តង។ លើសពីនេះក៏មានការបាញ់កាំជ្រួចតាម ក្បួនខ្នាតគ្រប់ប្រភេទ នៅក្នុងឱកាសពិធីបើក និងបិទ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យផងដែរ។

ជាងនេះទៅទៀត ក៏មានពិធីរត់យកភ្លើងអាទិទេព ឬភ្លើងគប់ មកកាន់ពហុកីឡដ្ឋានជាតិ ដែលជាកន្លែងប្រារព្ធពិធីបើកការ ប្រកួតនោះ ដោយអតីតកីឡាករ-កីឡាការិនីឆ្នើមៗ ធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ ដូចជាលោកព្រឹទ្ធាចារ្យ កែវ ថុន មានវ័យ ៨៨ឆ្នាំ និងជាអតីតម្ចាស់មេដាយសំរឹទ្ធ Asian Games ៣ជំនាន់ រត់យកមកប្រគល់ជូនដល់អត្តពលិកឆ្នើមៗបន្ដ រួមមានកីឡាករ ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និងកីឡាការិនី ស៊ន សៀវម៉ី ជាដើម រហូតបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រកាសបើកការប្រកួតកីឡាប្រវត្តិសាស្រនេះតែម្ដង។ លោក ថោង ខុន បញ្ជាក់បន្ថែម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងដែរថា ក្រោមកិច្ចសហការជាមួយសាលារាជធានីភ្នំពេញ និងសហភាព សហព័ន្ធយុវជនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធ គណៈកម្មការរៀបចំការប្រកួតរំពឹងថា នឹងមានមហាជនមិនក្រោម ៥ម៉ឺននាក់ ឡើយចូលរួម។ ជាងនេះទៅទៀត ក៏មានការប្រគុំតន្ដ្រីសម័យ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជាជាច្រើនផងដែរ។ ប៉ុន្ដែក្នុងឱកាសពិធីបើក និងបិទការប្រកួតកីឡាជាតិ លើកទី១នេះគឺមិនត្រូវបាន អនុញ្ញាតឲ្យមានការលក់ដូ និងការចតម៉ូតូ-រថយន្ដក្នុងបរិវេណពហុកីឡដ្ឋានជាតិ ក្រៅពីរថយន្ដពិសេស(IVP)ឡើយ ដើម្បីសម្រួលការរៀបចំព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះឲ្យរលូន និងដំណើរដោយជោគជ័យរហូតដល់ថ្ងៃចុងក្រោយ៕