(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី ១ខ្នង ៥បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង ជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា នៅសាលាបឋមសិក្សាព្រែកស្មោ ស្រុកឯកភ្នំ។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានធ្វើរបាយការដោយបានបញ្ជាក់ថា សាលាបឋមសិក្សាព្រែកស្មោ ១ខ្នង មាន ៥បន្ទប់ ដែលជាអគារទី១៦ សាងសង់អស់ថវិកា៥៧,៦២៨ ដុល្លារ។ សាលាបឋមសិក្សាព្រែកស្ងោ ស្ថិតនៅភូមិព្រែកស្ងោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោកបន្តថា នៅពេលខាងមុខឆាប់ៗនេះ រដ្ឋបាលស្រុកត្រៀមនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី ចំនួន២ខ្នងទៀត ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា គឺនៅសាលាបឋមសិក្សា ព្រៃចាស់ ១ខ្នង ស្មើនឹង ៦បន្ទប់ បង្គន់អនាម័យ ៨បន្ទប់ ស្ថិតនៅភូមិព្រៃចាស់ឃុំព្រៃចាស់និងអគារសាលាបឋមសិក្សារហាលសួងលិច១ខ្នង ៦បន្ទប់ ស្ថិតនៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ផងដែរ។
លោក សុខ លូ បានថ្លែងអំណរគុណដល់ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា (ស្វីស) ដែលជាអង្គការដៃគូអភិវឌ្ឍន៍ បានចំណាយថវិការជួយទៅលើវិស័យអប់រំនៅកម្ពុជា ជួយកសាងសាលារៀននានានៅកម្ពុជា ពិសេសនៅតាមឃុំនានាបានជាច្រើនខ្នង នៅក្នុងស្រុកឯកភ្នំនេះ ដើម្បីទុកជូនកូនក្មួយបានរៀនសូត្រ មានចំណេះដឹងទៅថ្ងៃក្រោយ ដែលជាទំពាំស្នងឫស្សីប្រទេសជាតិនាពេលអនាគតផងដែរ។
លោកអភិបាលខេត្ត សូមធ្វើការកោតសសើរ និងវាតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំអង្គការ តែងតែងបានជួយកសាងសាលានៅគ្រប់ទីកន្លែង បានច្រើនរហូតមក ក៏ដូចជាទៅអនាគតយើងនឹងបានទទួលសាលាថ្មីៗទៀតពីអង្គការបន្ថែមទៀតផងដែរ៕