(បន្ទាយមានជ័យ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ មានភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្ដតាមរម្មណីយដ្ឋាននានា ក្នុងខេត្តបន្ទាយមានជ័យ មានប្រមាណជិត៨ម៉ឺននាក់។

លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្ត បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីយ៍ខ្មែរ រយៈពេល៣ថ្ងៃមានភ្ញៀវជាតិ និងអន្តរជាតិ មកលេងកម្សាន្ដនៅតំបន់រម្មណីយដ្ឋានទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ ចំនួន៧៨,៦១៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ចំនួន៧៨,៣៤៥នាក់ និងភ្ញៀងអន្តរជាតិចំនួន២៦៩នាក់។

លោកបន្ដថា ទីតាំងដែលភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ដមាននៅប្រាសាទបន្ទាយឆ្មារ, ប្រាសាទបន្ទាយទ័ព, ប្រាសាទមេបុណ្យ និងអាងជើងគ្រុស ដែលស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក និងតាមតំបន់រម្មណីយ៍ដ្ឋានមួយចំនួនទៀត។

លោក ឈឿន សេរីវុធ បានបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ បើប្រៀបធៀបភ្ញៀវដែលមកលេងកម្សាន្ដកាលពីឆ្នាំ២០២៣ គឺប្រហាក់ប្រហែលគ្នា ព្រោះថាឆ្នាំនេះភាគច្រើនភ្ញៀវទៅលេងកម្សាន្ដនៅប្រាសាទ និងអាង ហើយតាមវត្តអារាមច្រើន៕