(វ៉ាស៊ីនតោន)៖ ស្ថាបនិកគេហទំព័រ Wikileaks លោក Julian Assange ក្នុងឱកាសខួប១០ឆ្នំានៃការបង្កើត គេហទំព័ររបស់ខ្លួន បានសន្យានៅថ្ងៃអង្គារ៍នេះថា ឯកសារជាច្រើនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិក នឹងត្រូវចេញផ្សាយ នៅមុនការបោះឆ្នោត ថ្ងៃទី៨ ខែវិច្ឆិកា។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Russian Today នៅយប់ថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងវីដេអូខុនហ្វេរិន លោក Julian Assange បានគូសបញ្ជាក់ថា រៀងរាល់សប្ដាហ៍នៃអំឡុងពេល ១០សប្ដាហ៍ ឯកសារជាច្រើនស្ដីពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នឹងត្រូវបានចេញផ្សាយដោយ Wikileaks ដែលធ្លាប់បាន ទម្លាយឯកសារសម្ងាត់ជាង១០លាន ក្នុងរយៈពេល១០ឆ្នំាមកនេះ ឬអាចនិយាយ បានថាវាស្មើនឹង១០ពាន់លានពាក្យឬក៏គិត ជាមធ្យមស្មើនឹង៣០០០ ឯកសារក្នុងមួយថ្ងៃ។ ដោយឡែកជុំវិញ រឿងអាស្រូវ ២០០០០ Email របស់ក្រុមមន្ត្រីនៃគណបក្ស ប្រជាធិបតេយ្យ ដែលត្រូវ Wikileaks បង្ហោះនៅ លើបណ្ដាញ Internet លោក Julian Assange បានអះអាងថាគេហទំព័រ របស់លោកមិនមានគម្រោង ឬបំណង ប្រឆំាងនឹង លោកស្រី ហ៊ីលឡារី គ្លីនតុនឡើយ។
សូមជំរាបថា បើតាមលោក Julian Assange Wikileaks ក៏នឹងចេញផ្សាយផងដែរនូវឯកសារសម្ងាត់ទាក់ទិន នឹងសង្រ្គាម ក្រុមហ៊ុន Google ប្រេង រួមទំាងការធ្វើចារកិច្ចទ្រង់ទ្រាយធំនៃបណ្ដាប្រទេសមួយចំនួន៕