(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ការអនុគ្រោះបន្ថែម តម្លៃអគ្គិសនីដល់ម៉ាស៊ីនកិនស្រូវ និងការសម្ងួតស្រូវ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកបណ្ឌិត កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ការឲ្យដឹងរបស់លោកបណ្ឌិត កែវ រតនៈ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងកម្មវិធី បាឋកថាស្តីពី​«គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤​ ខែតុលា ឆ្នាំ២០២៤។

លោកបណ្ឌិត កែវ រតនៈ បានថ្លែងថា «ថ្ងៃនេះខ្ញុំសូមម្រាបជូនថា តាមសំណើ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា សម្ដេចសម្រេចផ្ដល់ការអនុគ្រោះបន្ថែម ដល់ម៉ាស៊ីនកិនស្រូវ ដល់អ្នកសម្ងួតស្រូវ ដើម្បីកាត់បន្ថយចំណាយក្នុងការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយកសិករ រុញការធ្វើផលិតកម្មស្រូវឲ្យបានទូលំទូលាយ ក្នុងការនាំចេញស្រូវ-អង្ករលើទីផ្សារពិភពលោក»

លោកបណ្ឌិតបញ្ជាក់ថា សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានជួយបន្ថែមទៀតដល់ម៉ាស៊ីនកិនស្រូវ និងឡសម្ងួត ដើម្បីជួយយោងដល់កសិករខ្មែរ។ នេះជាការប្ដេជ្ញារបស់សម្ដេច ដើម្បីជួយដល់ប្រទេសជាតិ ដូច្នេះគ្មានមូលហេតុអ្វីដែលត្រូវដំឡើងថ្លៃឡើយ។

លោកបណ្ឌិត កែវ រតនៈ បានបញ្ជាក់បន្ថែមថា ដូច្នេះចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើការកិនស្រូវ សម្ងួតស្រូវ សូមមេត្តាទំនាក់ទំនងតាមរយៈសមាគមម៉ាស៊ីនកិនស្រូវ ដើម្បីស្វែងយល់ព័ត៌មានបន្ដព្រោះថា យើងមិនអាចរុញទៅឲ្យគ្រប់ម្នាក់ៗនោះឡើយ ប៉ុន្ដែរុញតាមរយៈសមាគមនឹងរុញតាមរយៈការផ្សព្វផ្សាយ របស់អគ្គិសនីកម្ពុជា និងសង្ឃឹមថាបងប្អូនទទួលបានផល៕