(វ៉ាស៊ីនតោនឌីស៊ី)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Scott Nathan នាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុ​សម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាម៉េរិក (U.S. International Development Finance Corporation_DFC)។

ក្នុងកិច្ចពិភាក្សានារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤នោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចា​ន់ថុល បានជម្រាបជូនលោក Scott Nathan អំពីវឌ្ឍនភាពថ្មីៗនៃការរីកចម្រើនរបស់កម្ពុជា ក្រោមសុខសន្តិភាពដែលអាចអនុញ្ញាត​ឱ្យគណៈប្រតិភូកម្ពុជា​បំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគនៅសហរដ្ឋអាម៉េរិកនាឱកាសនេះ។

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យមួយចំនួនមានជាអាទិ៍ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និងសុខុមាលភាពប្រជាជនឮដែលមានការ​ប្រសើរឡើង​គួរឱ្យកត់សម្គាល់ យ៉ាងណាមិញនៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹង និងពង្រីកផលិតភាពឱ្យបានកាន់តែល្អប្រសើរផងដែរ។

តាមរយៈជំនួបនាឱកាសនេះ លោក Scott Nathan បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់នឹងចូលរួមបង្កើនសកម្មភាពប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនជាងមុន ជាពិសេសលើវិស័យជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕