(វ៉ាស៊ីនតោនឌីស៊ី)៖ តបតាមការអញ្ជើញរបស់ទីប្រឹក្សារងសន្តិសុខជាតិ ផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាមេរិក លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Daleep Singh ទីប្រឹក្សារងសន្តិសុខជាតិផ្នែកសេដ្ឋកិច្ចអន្តរជាតិរបស់សហរដ្ឋអាម៉េរិក។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសនៃជំនួបជាមួយលោក Daleep Singh នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ លោកបានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការជាផ្លែផ្ការវាងប្រទេសទាំងពីរកន្លងមក និងបន្តបង្ហាញពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលផ្ដល់លទ្ធភាពដល់ក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិក អាចមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
បន្ទាប់ពីបានស្តាប់ប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីរួចរាល់ លោក Daleep Singh បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ភាគីទាំងពីរបានបង្ហាញឆន្ទៈនឹងពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ៕