(តាកែវ)៖ ករណីមន្រ្តីធនាគារភូមិ រួមជាមួយលោកមេភូមិគោគដូង ចុះទៅរុះរើយកទ្រព្យសម្បត្តិ កូនបំណុលដើម្បីទូទាត់ បំណុលខណៈដែលម្ចាស់ផ្ទះមិនបាននៅផ្ទះ ត្រូវបានដោះស្រាយរូចរាល់អស់ហើយ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ និងអ្នកតំណាងរាស្រ្តខេត្តតាកែវ បានចុះទៅអន្តរាគមន៍ដោះស្រាយ ដោយផ្ទាល់នៅផ្ទះជនរងគ្រោះ គឺយាយតា២នាក់ ដែលស្ថិតនៅក្នុងភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
នៅក្នុងការចុះទៅដោះស្រាយបញ្ហាមួយនេះ ភាគីជនរងគ្រោះនិងធនាគារភូមិ បានព្រមព្រៀងបញ្ចប់បញ្ហា និងគ្នាតទៅទៀត ដោយក្នុងនោះ លោកអគ្គនាយកធនាគារភូមិ ដែលបានចូលរួមដោះស្រាយផងដែរនោះ បានធ្វើការសុំអភ័យទោស ចំពោះជនរងគ្រោះ ដែលមន្រ្តីរបស់ខ្លួនបានប្រព្រឹត្តនៅទង្វើពុំគួរគប្បី ហើយដើម្បីប៉ះប៉ូវដល់ផ្លូវចិត្តជនរងគ្រោះខាងភាគី ធនាគារភូមិបានសម្រេចចិត្ត លប់បំណុលដែលនៅសល់ប្រមាណ ១៥០០ដុល្លារចោលទាំងអស់តែម្ដង។
លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចាត់ទុកការព្រមព្រៀងបញ្ចប់បញ្ហា រវាងភាគីទាំង២គឺស្របទៅនិងយុទ្ធសាស្ត្រ ឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយលោកក៏បានធ្វើការណែនាំអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវតែយកចិត្ត ទុកដាក់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានហើយបើមានបញ្ហា អ្វីធំដុំកើតឡើងចំពោះពួកគាត់ ត្រូវរាយការណ៏ភ្លាមៗមកខេត្ត ដើម្បីខេត្តចុះទៅជួយដោះស្រាយ អោយបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅភូមិគោកដូង ឃុំពេជសារ ស្រុកកោះអណ្តែត បានសំដែងការមិន ពេញចិត្តចំពោះមន្រ្តីឥណទានធនាគារភូមិ រួមជាមួយនឹងមេភូមិ ដែលបានចូលមកគាស់ផ្ទះ របស់កូនបំណុលកាលពីថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដើម្បីរុះរើយកសម្ភារទៅលក់បន្ទាប់ពីកូនបំណល់ បង់លុយយឺតពេលតាមការកំណត់ រយៈពេលជិត២០ថ្ងៃ តែប៉ុណោះ។
ទង្វើនេះបានធ្វើអោយយាយតាដែលជាកូនបំណុលដែលរវល់ជាប់ទៅធ្វើបុណ្យ នៅស្រុកកំណើតពីនាក់ប្តីប្រពន្ធនៅក្នុងរដូវ ភ្ជុំបិណ្ឌឆ្ងាយពីផ្ទះ យំបោកខ្លួន នឹងនឹកស្មានមិនដល់ថា មន្រ្តីឥណទានធនាគារភូមិ និងដែលមានការចូលរួម ពីលោកមេភូមិ បានប្រព្រឹត្តដូចជាចោរប្លន់បែបនេះសោះ៕