(ភ្នំពេញ)៖ លោកបណ្ឌិត កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះបានបញ្ជាក់ថា គិតមកដល់ពេលនេះ ៩៩.១៥ភាគរយនៃចំនួនភូមិទាំងអស់នៅទូទាំងប្រទេស មានអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់ បើគិតចំនួនខ្នងផ្ទះមានចំនួន ៩៦.៥ភាគរយ ដែលបានភ្ជាប់ពីបណ្តាញជាតិ។

ជាមួយគ្នានេះចំនួនភូមិ និងខ្នងផ្ទះដែលមិនទាន់ភ្ជាប់បណ្តាញជាតិ ដែលច្រើនជា ភូមិដាច់ស្រយាលឆ្ងាយ ជាផ្ទះបណ្តែតទឹក និងជាតំបន់កោះ តំបន់ភ្នំជាដើម ដែលរាជរដ្ឋាភិបាលបានយន្តការចំនួន២ ជួយដល់ពួកគាត់។

ទី១៖ គឺការផ្តល់បន្ទះសូឡា ដែលបានពង្រាយជាង ១សែនផ្ទាំងរួចមកហើយ។ ប៉ុន្តែការពង្រាយបន្ទះសូឡានេះ មិនជាដំណោះស្រាយអចិន្ត្រៃយ៍នោះទេ។

ទី២៖ គឺបន្តពង្រីកបណ្តាញជាតិ ដែលបង្កើតជាមួយធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូដទៃទៀត គឺប្រើប្រាស់កម្មវិធីមួយ «គីឡូចុងក្រោយ» ដែលនឹងក្តោបយកអ្នកមិនទាន់មានអគ្គិសនីបណ្តាញជាតិ អាចទទួលបានអគ្គិសនីប្រើប្រាស់ក្នុងកម្រិតណាមួយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «រាជរដ្ឋាភិបាលដាក់ការប្តេជ្ញា ដើម្បីក្តោបបងប្អូនទាំងអស់ ឱ្យអស់លទ្ធភាព ដើម្បីឱ្យមានអគ្គិសនីបណ្តាញជាតិប្រើប្រាស់»៕

សូមស្តាប់ការពន្យល់របស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖