(កំពត)៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ នៅទូទាំងខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង១២ម៉ឺននាក់ កើនឡើងជាង២៨ភាគរយ ខណៈគោលដៅទេសចរណ៍មានភាពសម្បូរបែប តម្លៃនិងគុណភាពសេវាកម្មទទួលយកបាន ខណៈសន្តិសុខនិងសណ្ដាប់ធ្នាប់ក៏មានភាពល្អប្រសើរ។

ថ្លែងប្រាប់ Fresh News នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា «រយៈពេល៣ថ្ងៃ នាឱកាសបុណ្យភ្ជំបិណ្ឌ ត្រូវនឹងថ្ងៃទី១-៣ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបចំនួន ១២៤,០៦៩នាក់ កើនឡើង ២៨.៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះភ្ញៀវទេសចរជាតិ ១២៣,៤៩១នាក់ និងភ្ញៀវអន្តរជាតិ ៥៧៨នាក់»

លោកប្រធាន សយ សីណុល បានបន្តថា មុនពេលបុណ្យភ្ជុំបិណ្ឌមកដល់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានចង្អុលបង្ហាញដល់មន្ទីររាជការក្រោមឱវាទ មន្ទីរ អង្គភាពដែលពាក់ព័ន្ធនូវការពង្រឹងអនាម័យ បរិស្ថាន បដិសណ្ឋារកិច្ច ការបង្ការនិងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការសម្រួលចរាចរណ៍ជាដើម ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលចូលមកទស្សនានៅខេត្តកំពត ឬធ្វើដំណើរឆ្លងកាត់ខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបន្តទៀតថា ចំពោះបញ្ហាតម្លៃនិងគុណភាពសេវាកម្ម គឺជារឿងសំខាន់បំផុតមួយដែលរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តបានចុះធ្វើកិច្ចការមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការផ្សព្វផ្សាយ អប់រំ ណែនាំ និងត្រួតពិនិត្យជារឿយៗនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា។ លោកថា អាជីវករ និងម្ចាស់រមណីយដ្ឋានទាំងឡាយ គឺសុទ្ធតែចូលរួមសហការយ៉ាងយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត។

សូមជម្រាបថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះដែរ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណជិត១.៨លាននាក់ ក្នុងនោះភ្ញៀវជាតិមានជាង១.៧លាននាក់ និងភ្ញៀវបរទេសជិត៤ម៉ឺននាក់៕