តំណាង UN កោតសរសើរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា មានការស្រាវជ្រាវខ្ពស់ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
04-10-2016 18:17
(ភ្នំពេញ)៖ លោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា បានកោតសរសើរដល់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា មានការស្រាវជ្រាវខ្ពស់ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស។ នេះបើតាមការអះអាងរបស់ លោក កែវ រ៉េមី។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយលោកស្រី វ៉ាន់ ហ៊ីលី តំណាងការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។
លោក កែវ រ៉េមី បានឲ្យដឹងថា ក្រោយពីលោកបានប្រាប់អំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសផ្សេងៗ លោកស្រី វ៉ាន់ ហ៊ីលី មានការភ្ញាក់ផ្អើល ដោយពីមុនលោកស្រី បានវាយតម្លៃខុសថាកម្ពុជាមិនយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សទេ ប៉ុន្ដែពេលនេះ លោកស្រីបានយល់យ៉ាងច្បាស់ថា ការពិតកម្ពុជា មានការស្រាវជ្រាវខ្ពស់ពី បញ្ហាសិទ្ធិមនុស្សនេះ៕