(កំពត)៖ រយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សម្រាក ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ សម្រាប់ខេត្តកំពត មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកសម្រាកកម្សាន្ត និងស្នាក់នៅ ប្រមាណជាង ១២ម៉ឺននាក់។ ការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំខេត្ត មានស្ថានភាពល្អប្រសើរដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរ ឲ្យកត់សម្គាល់នោះឡើយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរបានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពត មានចំនួន១២៤,០៦៩នាក់។ ក្នុងនោះ ភ្ញៀវជាតិមាន១២៣,៤៩១នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន៥៧៨នាក់។

ចំពោះស្ថានភាពទូទៅ នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្ត មានភាពល្អប្រសើ មិនមានភាពប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។ ចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃកន្លងមកនេះ ក៏មិនមានការតម្លើងថ្លៃណាមួយ ដែលមិនសមរម្យនោះទេ។

តាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា រយ:ពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងខេត្តពុំមានករណីគ្រោះថ្នាក់ចរាចរកើតឡើងទេ៕