(កំពង់ចាម)៖ ខណៈដែលការប្រលងបាក់ឌុបខិតជិតមកដល់ មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានជួបសំណេះសំណាល ការចែករំលែក ផ្តល់ពុទ្ធិ ចំនេះដឹង ចំនេះធ្វើ និងលើកទឹកចិត្ដដល់សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យចំនួន២ ក្នុងក្រុងកំពង់ចាម ដើម្បីទទួលបានជ័យជំនះនៃការប្រលងមធ្យមសិក្សទុតិយភូមិ នៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សទី១២ នៅវិទ្យាល័យព្រះសីហនុ និងវិទ្យាល័យបឹងកុក ក្រុងកំពង់ចាម, លោក ផៃ សុខខេង នាយករងខុទ្ធការល័យ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ដើម្បីបង្កើនការប្រឡងជាប់បន្ថែមទៀត ក៏ដូចជាវិនិយោគសន្តិភាព ធ្វើធម្មទានដោយចែករំលែក ផ្តល់ពុទ្ធិ ចំនេះដឹង ចំនេះធ្វើ បទពិសោធន៍ យុទ្ធវិធីប្រឡង និងការរស់នៅជាប្រជាពលរដ្ឋល្អនាសម័យឌីជីថល។
លោកបានសន្និដ្ឋានថា ការចូលរួមចំណែកពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់រួមមានការខិតខំប្រឹងប្រែងពី មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សហគមន៍សប្បុរសជនជាតិ អន្តរជាតិ អង្គការដៃគូអភិវឌ្ឍនានា ការគាំទ្រពីអាជ្ញាធរដែនដី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល បានជំរុញឱ្យវិស័យអប់រំ ក្នុងខេត្តកំពង់ចាម មានការរីកចម្រើនគួរឪ្យកត់សម្គាល់។
លោក ផៃ សុខខេង បានបន្ថែមថា លទ្ធផលដ៏ជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងមកបានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី ទទួលខុសត្រូវ សាមគ្គីភាព កិច្ចសហការល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅ អភិវឌ្ឍដោយចីរភាព និងការគាំទ្រអនុវត្តឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និង២០៥០។
ទន្ទឹមនឹងនេះដែរ លោក ផៃ សុខខេង ក៏បានជំរុញដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិនៅខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវខិតខំយកចិត្ដទុក់ដាក់រៀនសូត្របន្ថែម ហើយនៅពេលប្រលងមិនត្រូវអវត្ដមាន និងត្រូវធ្វើយ៉ាងឱ្យសំណេរប្រលងរបស់ខ្លួនមានភាពជាក់លាក់ និងត្រឹមត្រូវ។
សូមបញ្ជាក់ថា សម្រាប់បេក្ខជនដែលដាក់ពាក្យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤នេះ ក្នុងខេត្តកំពង់ចាមមានបេក្ខជនសរុបចំនួន ៨,៩៨២នាក់ ស្មេី១៤មណ្ឌល ក្នុងផ្នែកវិទ្យាសាស្ត្រមានបេក្ខជនសរុប៣០៨៩នាក់ ស្មេី៥មណ្ឌល ស្មេីនឹង១២៤បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនសរុប៥៨៩៣នាក់ ស្មេីនឹង៩មណ្ឌល ស្មេីនឹង២៣៧បន្ទប់៕