(បារាំង)៖ នៅក្នុងឱកាសនៃការដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកម្មវិធី «FrancoTech» នៅទីក្រុងប៉ារីស។
«FrancoTech» បានប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌល Station F ដែលជាកម្មវិធីពិព័រណ៍នវានុវត្តន៍ និងសេដ្ឋកិច្ច តាំងបង្ហាញអំពីសមិទ្ធផលបច្ចេកវិទ្យារបស់ប្រទេសមាជិកចូលរួម។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានអញ្ជើញទៅពិនិត្យស្តង់ពិព័រណ៍កម្ពុជា និងបានជួបស្វាគមន៍ លោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងផងដែរ៕