(ភ្នំពេញ)៖ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន ហើយការងារនេះសម្រេចបានតាមការណែនាំពី លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការចុះអនុវត្តផ្ទាល់ពីលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ដែលបានជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីរោងម៉ាស៊ីនកិនស្រូវ ប្រជាកសិករ និងមន្ដ្រីកសិកម្មឃុំរបស់យើង។
នៅក្នុងវីដេអូថ្មីនេះ លោកប្រធាននាយកដ្ឋានដំណាំស្រូវ ពន្យល់អំពីមូលហេតុដែលថ្លៃស្រូវងើបឡើងវិញ ព្រមទាំងការណែនាំមួយចំនួនដល់ប្រជាកសិករ ដើម្បីធានាថាពួកគាត់អាចលក់ស្រូវបានក្នុងតម្លៃល្អ៖
*ទី១៖ ទុកឱ្យស្រូវទុំល្អ
*ទី២៖ កុំឱ្យមានគ្រាប់ស្ពៀតច្រើន
*ទី៣៖ ប្រើប្រាស់ពូជសុទ្ធក្នុងការដាំដុះ
*ទី៤៖ កុំផ្សព្វផ្សាយបន្ទាបថ្លៃស្រូវ។
លោកបញ្ជាក់ថា ចំណុចទី៤នេះសំខាន់ណាស់សម្រាប់កសិករ ដ្បិតការថតវីដេអូផ្សាយតាម TikTok ត្អូញត្អែរពីរឿងថ្លៃស្រូវធ្លាក់ចុះ គឺជាការបើកដៃឱ្យឈ្មួញកណ្ដាលយកជាលេស ដើម្បីបំភ័យនិងបន្ទាបថ្លៃស្រូវឱ្យកាន់តែធ្លាក់ចុះមួយកម្រិតទៀត។
ជាជាងថតវីដេអូផ្សាយតាម TikTok និយាយពីរឿងស្រូវចុះថ្លៃ, កសិករគួរទាក់ទងជាមួយមន្ដ្រីកសិកម្មឃុំឬស្រុករបស់ខ្លួន ដើម្បីជួយសម្របសម្រួលការទិញ-លក់ ព្រោះមន្ដ្រីកសិកម្មឃុំរបស់យើង មានទិន្នន័យគ្រប់គ្រាន់អំពីផ្ទៃដីដាំដុះ និងកាលវិភាគប្រមូលផលរបស់កសិករ ភ្ជាប់ជាមួយសមត្ថភាពទិញរបស់រោងម៉ាស៊ីនកិនស្រូវ។
ទិន្នន័យទាំងអស់នេះ ល្មមអាចឱ្យមន្ដ្រីកសិកម្មឃុំ សម្របសម្រួលពេលវេលាច្រូតកាត់ ឱ្យត្រូវទៅតាមសមត្ថភាពទិញរបស់រោងម៉ាស៊ីនកិនស្រូវ ដែលអាចធានាបានតម្លៃល្អពេលលក់ស្រូវចេញ៕
សូមទស្សនាវីដេអូរបស់ លោក គង់ គា៖