(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩-១០ ខែតុលា ខាងមុខនេះ នាទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
ការអញ្ជើញចូលរួមរបស់ម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីនៃប្រទេសថៃ។
សូមជម្រាបថា កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នាប្រទេសថៃ គឺជាវេទិកាមួយ មានគោលបំណងកសាងសហគមន៍អាស៊ី ឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាពធនធានដ៍ស្តុកស្តម្ភ និងភាពប្រកួតប្រជែងរបស់ប្រទេសនីមួយនៅទ្វីបអាស៊ី៕