(ប៉ៃលិន)៖ លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ខេត្តប៉ៃលិន មានភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្ត តាមរមណីយ៍ដ្ឋាននានា ក្នុងខេត្តសរុបចំនួន ៩៤,២០៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៨៧,៩៧៩នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦,២២៤នាក់ បើបៀបធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧៥,២៧៣នាក់ កើនឡើងចំនួន ៧៥,២៧%។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ ខ្ពស់ពីសំណាក់លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ចំពោះវិស័យទេសចរណ៍ក្នុងខេត្ត គឺកន្លងមករដ្ឋបាលខេត្ត បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត រួមទាំងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នានាឱ្យបានកាន់តែល្អ ប្រកបដោយសោភ័ណ្ឌភាព អនាម័យ និងសេវាដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្តឱ្យបានកាន់តែច្រើន ដែលជាចលករចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោក លឹម វាសនា បានបន្តថា រយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះលោកបានចាត់មន្ត្រីចុះស្រង់ស្ថិតិភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងខេត្ត និងត្រួតពិនិត្យ ក៏ដូចជាការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្ត ហើយចំពោះ ស្ថានភាពទូទៅវិញ ឃើញថាមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ មានការយាមប្រចាំការពីកម្លាំងនគរបាលទេសចរណ៍ អធិការដ្ឋាន ក្រុង/ស្រុក ប៉ុស្តិ៍ នគរបាលឃុំ/ សង្កាត់ នគរបាលការពារព្រំដែន និងប្រជាការពារភូមិ ចំណែកក្នុងមូលដ្ឋាន អាជីវករ មានការយកចិត្តទុកដាក់ខ្ពស់ ទាំងតម្លៃ និងសេវាជាពិសេសការ អនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍៕