(ភ្នំពេញ)៖ កម្ពុជាបានបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ក្នុងនោះមានរថយន្តចំនួន១៧៩គ្រឿង។

បំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)» នេះ គឺជាកិត្តិនាមដ៏អស្ចារ្យថែមទៀតសម្រាប់មុខមាត់ប្រទេសកម្ពុជា។

សូមរំលឹកថា គណៈកម្មាការ Guinnes World Record បានមករាប់ចំនួនរថយន្តទំនើប នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់ពីរាប់នោះ លទ្ធផល​មិនទាន់សម្រេចភ្លាមៗនៅឡើយនោះទេ ទើបតែថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ និងដៃគូរៀបចំនួនព្រឹត្តិការណ៍ Gumball 3000 បានផ្សព្វផ្សាយពីលមទ្ធិផល នៃការបំបែកកំណត់ត្រាមួយនេះ។

សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបរយៈពេល ២៥ឆ្នាំ នៃការបង្កើតឡើងព្រឹត្តិការណ៍ Gumball 3000 ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនជីបម៉ុង ដោយមានកិច្ចសហការពីក្រសួងទេសចរណ៍ផងនោះ គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានសម្រេចធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា។ ស្របជាមួយគ្នានោះ ក៏មានការរៀបចំព្រឹត្តិការណ៍បង្ហាញរថយន្តនៅមុខប្រាសាទអង្គរ ដើម្បីបំបែកកំណត់ត្រាពិភពលោកតែម្តង៕