(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ «គ្រូបង្រៀនគឺជាអ្នកសម្រួចអនាគតរបស់សិស្ស»។
ទិវាគ្រូបង្រៀនអន្តរជាតិ នៅថ្ងៃទី០៩ ខែតុលាខាងមុខនេះ នឹងមានអ្នកចូលរួម ប្រមាណ ១៥០០នាក់ មកពី ស្ថាប័នពាក់ព័ន្ធ ២៥រាជធានី-ខេត្ត រួមនឹងតំណាងមកពីអង្គការយូណេស្កូ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ។
លោក រស់ សាលីន បានបញ្ជាក់ឲ្យដឹងថា ក្រៅពីការរៀបចំទិវាគ្រូបង្រៀនលើប្រធានបទខាងលើនេះ ក្រសួងអប់រំ ក៏បានរៀបចំពាក្យស្លោកចំនួន១១ បន្ថែមទៀត ដែលមានន័យ និងខ្លឹមសារ សុទ្ធតែទាក់ទងនឹងទិវា នៃគ្រូបង្រៀនអន្តរជាតិ។
ពាក្យស្លោកទាំង១១រួមមាន ទី១,គ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតសិក្សារបស់សិស្ស ទី២,គោលនយោបាយកំណែទម្រង់គ្រូបង្រៀនគឺជាគន្លឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ទី៣,គ្រូបង្រៀនសម្រាប់សត្សវត្សរ៍ទី២១ ទី៤,គ្រូល្អសិស្សឆ្លាត ទី៥,លោកគ្រូ អ្នកគ្រូ ជាឱពុកម្តាយទី២របស់យើង ៦,គ្រូល្អ សិស្សពូកែ សង្គមអភិវឌ្ឍន៍ ទី៧,គ្រូបង្រៀនជាទស្សនៈវិទូ និងជាអ្នកបង្ហាញផ្លូវ ទី៨,គ្រូបង្រៀនជាឆ្អឹងខ្នងនៃការអប់រំ ទី៩,លើកកំពស់ជីវភាពគ្រូបង្រៀនដើម្បីគុណភាពអប់រំ ទី១០,ខ្ញុំមានថ្ងៃនេះ ដោយសារគ្រូបង្រៀន ១១,គ្រូបង្រៀនជាវិស្វករនៃដួងព្រលឹង។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានបន្ថែមថា នៅក្នុងទិវាគ្រូបង្រៀនអន្តរជាតិ ក៏មានការអញ្ជើញចូលរួម និងសម្តែងមតិសំណេះសំណាលពី លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ហើយ ក្រៅពីនោះ ក៏មានការជ្រើសរើសគ្រូបង្រៀនដែលជាសិស្សថ្នាក់ទី១២ផងដែរ។
គួរបញ្ជាក់ថា ក្រសួងអប់រំ តែងប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការដឹងគុណ ដល់ការខិតខំប្រឹងប្រែងរបស់ លោកគ្រូ អ្នកគ្រូ នៅទូទាំងប្រទេស។ ក្រសួងអប់រំសំលឹង ឃើញដែរថា នាពេលបច្ចុប្បន្ននេះ ស្ថានភាពគ្រួបង្រៀននៅកម្ពុជា មានភាពល្អប្រសើរជាងមុន ទាំងប្រាក់បៀវត្ស និងការលើកកំពស់ លើគ្រូបង្រៀន ពីសិស្សានុសិស្ស និងស្ថាប័ន ពាក់ព័ន្ធមួយ ចំនួនទៀតផងដែរ៕