(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យគ្រប់ឃុំទាំងអស់បង្កើតទីកន្លែងកំសាន្តដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក នួន ផារ័ត្ន បានថ្លែងនៅក្នុងពិធីបិទការប្រណាំងទូកផ្កាចារ នៅស្រុកបារាយណ៍ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤។

លោកបន្តថា ការប្រណាំងទូកផ្កាចារនេះ បានផ្ដល់ភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការដើរលេងកំសាន្តឆ្ងាយដែលអាចនាំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ជាកន្លែងទេសចរណ៍មួយ ដែលនាំចំណូលដល់ប្រជាពលរដ្ឋ ក្នុងស្រុកដែលទស្សនិកជនជិតឆ្ងាយមកញ៉ាំអាហារ ជាពិសេគឺជាការចូលរួមអភិរក្ស និងថែរក្សា ទំនៀមទម្លាប់ថែមទៀតផង ហើយក្រៅពីភាពសប្បាយរីករាយ ការអ៊ុំទូកនេះ បាននាំមកនូវសាមគ្គីភាព ការជួបជុំគ្នាថែមទៀតផង។

លោកបានអំពាវនាវដល់យុវជនរួមគ្នា គោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាព ពេលបើកបរទោះទៅទីជិត ឬទីឆ្ងាយក៏ដោយ បើកបរដោយគោរពសិទ្ធអាទិភាព មិនប្រើប្រាស់គ្រឿងស្រវឹង និងលើសល្បឿនកំណត់ បើកបរដោយយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ចៀសឆ្ងាយអំពីគ្រឿងញៀន និងចូលរួមសំអាតបរិស្ថានឲ្យបានល្អដើម្បីឲ្យកម្ពុជាគ្មានសំរាម។

លោកអភិបាលបានថ្លែងអំណរគុណចំពោះព្រះសង្ឃ អាជ្ញាធរស្រុកបារាយណ៍ ឃុំ ភូមិ កងកម្លាំងប្រជាពលរដ្ឋ និងសប្បុរសជន ដែលបានជួយគាំទ្រសម្រាប់ការប្រកួតអុំទូកផ្កាចារពេលនេះ ដើម្បីបង្ករលក្ខណៈឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងលើកទឹកចិត្តឲ្យរដ្ឋបាលស្រុកបង្កើតកម្មវិធីនេះជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ពិធីនេះរៀបចំនៅតាមបណ្ដោយប្រឡាយឈូកខ្សាច់ ត្រង់តំបន់អូរកាច់ ដែលមានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១-២ ខែតុលាឆ្នាំ២០២៤ដោយមានទូកផ្កាចារចូលរួមចំនួន ១៣ទូក កីឡាករចំនួន ២១២នាក់។

ជាលទ្ធផលលេខ១បានទៅលើទូកឈ្មោះ "ថាមពលតេជសិលា មហាសែនមានជ័យ" លេខ២ឈ្មោះ "បុទមមន្នីសាមគ្គីសែនជ័យ បារមីវត្តចតុលោក" លេខ៣ឈ្មោះ  "ពោធិ៍ពីរសាមគ្គីសែនជ័យ"