(អាមេរិក)៖ នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ ២០១៦នេះ ភ្នាក់ងារអវកាស NASA បានប្រារព្ធពិធីខួប គំរប់មួយឆ្នាំជូនយានអវកាស MAVEN នៅភពអង្គារ ដែលស្មើនឹងរយៈពេល ពីរឆ្នាំនៃភពផែនដី សម្រាប់ការបញ្ចប់បេសកកម្ម សិក្សាស្រាវជ្រាវ បរិយាកាសភពអង្គារជាលើកដំបូង ដែលត្រូវបានដឹកនាំដោយក្រុមអ្នកវិទ្យាសាស្រ្ត នៃមហាវិទ្យាល័យ Colorado Boulder នៃសហរដ្ឋអាមេរិក។ នេះបើយោងតាមគេហទំព័ររបស់ មហាវិទ្យាល័យ Colorado Boulder។
យានអវកាសសម្រាប់បេសកកម្មសិក្សាស្រាវជ្រាវ ភពអង្គារ (MAVEN) ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្ត ធ្វើការបង្ហោះឡើងចេញពីផែនដី កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ហើយវាបានធ្វើដំណើរ ឆ្ពោះទៅដល់គន្លងគោចររបស់ភពអង្គារ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៤។
ជាក់ស្តែងនៅក្នុងអំឡុងពេលបេសសកម្មនេះដែរ យានអវកាស MAVEN បានទទួលទិន្នន័យជាច្រើន អំពីភពអង្គារ ដោយបានស្រាយចម្ងល់មួយចំនួនធំ របស់ក្រុមអ្នកវិទ្យាសាស្រ្ត ដែលធ្លាប់មាន មន្ទិលសង្ស័យ អស់ជាច្រើនទសវត្សរ៍មកហើយ លើភពក្រហមមួយនេះ។
នៅក្នុងបេសកកម្មនេះផងដែរ យានអវកាស MAVEN បានសិក្សាអំពីស្រទាប់បរិយាកាសរបស់ភពអង្គារ ដែលនៅក្នុងនោះ ក្រុមអ្នកវិទ្យាសាស្តបានប្រទះឃើញមាន ដុំពពកធូលីនៅជុំវិញភព ដោយពពកធូលី ទាំងនោះត្រូវបានបង្កឡើង ដោយការធ្លាក់ដុំអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយនៅលើផ្ទៃភពអង្គារ។
ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញ ស្រទាប់អ៊ីយ៉ុង នៅពីលើស្រទាប់បរិយាកាស របស់ភពអង្គារផងដែរ ដែលវាបានកកើតឡើងដោយការចល័តនៃកំទេចធូលី នៅចន្លោះបរិយាកាសភព ព្រមទាំងការបង្កើតភាគល្អិតតូចៗផ្សេងទៀត ដោយថាមពលបំលែងពីព្រះអាទិត្យ។
ដោយឡែក កាលពីពេលថ្មីនេះ ភ្នាក់ងារអវកាសណាសា បានប្រកាសថា៖ «យានអវកាស MAVEN ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ក្នុងការបំពេញបេសកកម្ម សិក្សាស្រាវជ្រាវអំពីការវិវត្តន៍ និងការប្រែប្រួលស្រទាប់បរិយាកាសរបស់ភពអង្គារ ក្នុងរយៈពេលមួយឆ្នាំដំបូងនេះ»។
គួរបញ្ជាក់ដែរថា បេសកកម្មរុករក របស់យានអវកាស MAVEN នឹងត្រូវបន្តដំណើរការសិក្សាស្រាវជ្រាវ បន្ថែមអំពីការវិវត្តន៍របស់អង្គារ ក្នុងរយៈពេល ២ឆ្នាំទៀត ដោយក្រុមអ្នកវិទ្យាសាស្រ្តបានកំណត់ថា នឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០១៨ខាងមុខនេះ៕