(កំពត)៖ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ លោក ទេព នីថា និងលោកស្រី ព្រមទាំងបុត្រា បុត្រី និងសាច់ញាតិ បានអញ្ជើញទៅចូលរួមពិធីកាន់បិណ្ឌវេនទី១៥ ដែលត្រូវថ្ងៃភ្ជុំធំ នៅវត្តព្រៃក្រឡា ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
នាឱកាសនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងលោកស្រី បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយព្រះពុទ្ធបដិមា និងព្រះចៅអធិការ និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរនតត្រៃយ៏តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពន្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។ វេនបិណ្ឌទី១៥ និងមានប្រារព្ធនូវបទនមស្សការ សមាទានសីល រាប់បាត្រដល់ព្រះសង្ឃ និងវេរភត្តាហារជាកិច្ចឆ្លង។
ក្រៅពីនេះ លោក ទេព នីថា និងលោកស្រី ព្រះទាំងក្រុមគ្រួសារ បានបង្ហាញនូវទឹកចិត្តជ្រះថ្លាញញឹមរីករាយនិងការកសាងកុសលផលបុណ្យជាមួយព្រះពុទ្ធសាសនា នាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ។ លោក ទេព នីថា និងលោកស្រី ព្រមទាំងបុត្រា បុត្រី និងសាច់ញាតិបានចូលបច្ច័យកសាងវត្តចំនួន ១,៥០០,០០០រៀល និងទេយ្យទានមួយចំនួនទៀតផងដែរ។
យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យទៅឲ្យមាតា បិតា ញាតិកាទាំងប្រាំពីរសន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងឋានសុគតិភព។
ម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែល នៅពេលដែលពពួកប្រេតទាំងនោះត្រូវបានគេដោះលែង ឲ្យមានសិរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕