(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមវេទិកាតំបន់ នៃមូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចឥស្លាមម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់លោក YAB Dato’ Sri Haji Fadillah bin Haji Yusof ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
វេទិកាខាងលើប្រព្រឹត្តទៅរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងប្រមូលផ្តុំតួអង្គសំខាន់ៗ និងបញ្ញវន្ត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុឥស្លាម ក៏ដូចជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន ព្រមទាំងផ្តោតលើការបង្កើតវិធីសាស្រ្ត និងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពជាច្រើន ក្នុងការជួយរដ្ឋាភិបាល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក្នុងនាមជាវាគ្មិនកត្តិយស បានលើកថ្លែងពីវឌ្ឍនៈភាពសហគមន៍ឥស្លាមនៅកម្ពុជា និងបានលើកឡើងថា ដើម្បីអភិវឌ្ឍន៍នូវសេដ្ឋកិច្ច នៃប្រទេសមួយ គឺចាំបាច់ក្នុងការផ្តល់ឱកាស ឲ្យប្រជាជនទាំងអស់ មានឱកាសទទួលបាននូវការសិក្សាបានទូលំទូលាយ និងប្រកបដោយគុណភាពខ្ពស់។ លោកបន្តថា ទន្ទឹមគ្នានោះត្រូវមានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព្រោះបច្ចេកវិទ្យាអាចសម្រួលបានច្រើន ក្នុងជីវភាពរស់នៅ ក៏ដូចជាប្រើក្នុងការងារពាណិជ្ជកម្មទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអំពាវនាវដល់អ្នកអប់រំផ្នែកឥស្លាមទាំងអស់ ដោយមិនត្រឹមតែបណ្តុះបណ្តាលផ្នែកប្រតិបត្តិសាសនាតែមួយមុខនោះទេ ប៉ុន្តែត្រូវជំរុញផ្នែកសិក្សាវិទ្យាសាស្ត្រសង្គម ដើម្បីឲ្យប្រជាជនមុស្លិម នៅក្នុងតំបន់អាស៊ាន និងលើពិភពលោក មានសមត្ថភាពនៅក្នុងការវិវត្តន៍ខ្លួនឯង ក៏ដូចជាអភិវឌ្ឍន៍ប្រទេសដែលខ្លួនកំពុងរស់នៅ។
លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យអ្នកអប់រំឥស្លាមទាំងអស់ប្រកាន់យកនិយមកណ្តាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ ដើម្បីឲ្យរស់នៅប្រកបដោយសុខសន្តិភាព ពុំមានការរើសអើងជាមួយបណ្តាអ្នកកាន់ជំនឿសាសនាផ្សេងៗទៀត ដែលមាននៅក្នុងតំបន់ និងលើសាកលលោក។
វេទិកាឆ្នាំ២០២៤នេះ ត្រូវបានរៀបចំក្រោមប្រធានបទ «ការពង្រឹងសេដ្ឋកិច្ច Madaniតាមរយៈការទំនាក់ទំនងគ្នាក្នុងតំបន់» ដែលមានប្រតិភូចូលរួមប្រមាណជាង ៥០០នាក់ មកពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ ថៃ កម្ពុជា និងឥណ្ឌូនេស៊ី រួមទាំងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលម៉ាឡេស៊ី តំណាងមកពីទីភ្នាក់ងារឥស្លាម ស្ថាប័នហិរញ្ញវត្ថុ ថ្នាក់ដឹកនាំឧស្សាហកម្ម អង្គការក្រៅរដ្ឋាភិបាល យុវជន និស្សិត បញ្ញវន្តនិងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ប្រធានបទសំខាន់ៗដែលត្រូវបានលើកមកពិភាក្សា និងរកដំណោះស្រាយ រួមមានការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព ហិរញ្ញវត្ថុឥស្លាម សេដ្ឋកិច្ចបៃតង និងនិរន្តរភាព សេដ្ឋកិច្ចឌីជីថល សហគ្រិនភាព ជំនាញយុវជន និងការងារ ឧស្សាហកម្មហាឡាល និងទេសចរណ៍ឥស្លាមជាដើម។
ក្នុងអំឡុងពេលចូលរួមវេទិកាខាងលើ លោកទេសរដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសជួបសម្តែងការគួរសម ជាមួយលោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផងដែរ។
សូមជម្រាបថា មូលនិធិអភិវឌ្ឍន៍សេដ្ឋកិច្ចឥស្លាមម៉ាឡេស៊ី (YaPEIM) ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៧៦ ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីសម្រួលដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង និងជំរុញឲ្យមានការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចក្នុងចំណោមប្រជាជនក្នុងតំបន់ លើកកម្ពស់ការផ្លាស់ប្តូរការយល់ដឹង និងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុតាមបែបឥស្លាម៕