(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង និង លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងប្រាប់ Fresh News ឱ្យដឹងនៅមុននេះបន្តិចថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងអញ្ជើញចុះឈ្មោះបោះឆ្នោត នៅរាជធានីភ្នំពេញ នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះតែម្តង។
លោក អេង ឆៃអ៊ាង បានអះអាងថា រហូតដល់ពេលនេះ លោក កឹម សុខា មិនទាន់កំណត់សង្កាត់ដើម្បីចុះឈ្មោះនៅឡើយទេ ប៉ុន្តែលោកបានថ្លែងថា មានទីតាំង២កន្លែង ដែលលោក កឹម សុខា អាចទៅចុះឈ្មោះបោះឆ្នោត ក្នុងនោះមានមូលដ្ឋានទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែក្រោម និងមូលដ្ឋានខណ្ឌទួលគោក ក្បែរគេហដ្ឋានរបស់ លោក កឹម សុខា។
សូមបញ្ជាក់ថា លោក កឹម សុខា បានសំងំនៅទីស្នាក់ការបក្ស អស់រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦មក បន្ទាប់ពីតុលាការមានចំណាត់ការ លើលោកជុំវិញករណីមិនចូលខ្លួនធ្វើជាសាក្សី នៅក្នុងរឿងសញ្ចារកម្ម៕