(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅលើផែនដីតេជោសន្ដិភាព បើនិយាយអំពីការយកចិត្ដទុកដាក់ដ៏ប្រពៃថ្លៃថ្លារបស់រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានសម្រេចបញ្ចេញរថយន្តក្រុងសាធារណៈចំនួនរាប់រយគ្រឿង ដើម្បីដឹកប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ឆ្ពោះទៅកាន់បណ្ដាលខេត្ដនានា ជាពិសេសសម្ដេច បានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកពិនិត្យ និងជូនដំណើរដោយផ្ទាល់នៅព្រឹកថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៤មកនេះ ហើយបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋជាទីស្រទ្បាញ់របស់សម្ដេចបានថតរូបជាមួយ ទុកជាអនុស្សាវរីយ៍ ប្រកបដោយភាពស្និទ្ធស្នាលយ៉ាងសប្បាយរីករាយក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិយើងនេះ គឺពិតជាបានបង្ហាញឲ្យឃើញថា សម្ដេចបវរធិបតី បានយកចិត្ដទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់នូវគ្រប់កាលះទេសះទាំងអស់។
ដោយហេតុថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យកតញ្ញុតាធម៌របស់កុលបុត្រ កុលធីតាខ្មែរគ្រប់ៗរូបក្នុងថ្ងៃឈប់សំរាកពីការងារដើម្បីធ្វើដំណើរទៅជួបជុំសាច់ញាតិ ក្រុមគ្រួសារ ដើម្បីសម្ដែងនូវការគោរពដឹងគុណដល់ឪពុកម្ដាយជាព្រះកន្លោង និងដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជនគ្រប់ៗជំនាន់ ដែលបានពលីជីវិតក្នុងសមរភូមិសង្រ្គាម ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជាតិរបស់ខ្លួន។ពីព្រោះតាមរយៈការបោះបាយបិណ្ឌ ជា"នាមរូប" គឺជាកិច្ចពិធីដ៏សំខាន់ក្នុងវិធីបុណ្យនេះគឺអ្នករស់ត្រូវមានកតញ្ញូដល់អ្នកស្លាប់ឲ្យទៅតាមគន្លងធម៌ឲ្យប្រពៃថ្លៃថ្លាផងដែរ ដូចទស្សនថា ទឹកដីដែលយើងរស់សព្វថ្ងៃគឺជាទឹកដីរបស់បុព្វបុរសដែលបានបូជាជីវិតកាលពីអតីតកាលគ្រប់ៗជំនាន់។
បើពោលឲ្យចំ ចំពោះការយកចិត្ដទុកដាក់ដ៏ប្រពៃថ្លៃថ្លារបស់សម្ដេចបវរធិបតី ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បានធ្វើឲ្យប្រជាជាតិខ្មែរមានភាពកក់ក្ដៅ និងបានបញ្ចេញនូវស្នាមញញឹមពោរពេញដោយភាពសុខដុមរមនាក្នុងសង្គមតាមលំអានប្រពៃណីពីបុរាណយ៉ាងស្រស់បំព្រង។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះបើពោលអំពីកិច្ចពិធីបោះបាយបិណ្ឌ ជា "នាមរូប" នេះទៀតសោត មានប្រវត្ដិចាប់ពីរាជព្រះបាទយសោវរ្ម័នទី១ គ.ស. ៨៨៩ - ៩០០ ចុងស.វ.ទី៩ ព្រះអង្គជាក្សត្រស្ថាបនិកទី១ ដោយបានលើករាជធានីពីហរិហល័យ មកតាំងនៅយសោធបុរ នៃរាជធានីអង្គរ ដោយព្រះអង្គ បានកសាងប្រាសាទនៅលើភ្នំបាខែង ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា។ ព្រះអង្គជាក្សត្រមួយព្រះអង្គដែលខ្លាំងពូកែក្នុងការធ្វើចំបាំងពង្រីកទឹកដីយ៉ាងធំទូលាយ ហើយបានកសាងអាស្រមចំនួន១០០ នៅគ្រប់ទីកន្លែងនៃចក្រភពខ្មែរដើម្បីគោរពបូជា និងបានជីកបារាយណ៍ខាងកើត ហៅថា "យសោធរតដាក" ដើម្បីយកទឹកទៅបម្រើវិស័យកសិកម្ម ។ បើតាមសិលាចារឹកK279c ជាភាសាសំស្រ្ដឹតបានរៀបរាប់ថា "ពិធីបោះបាយបិណ្ឌដើម្បីឧទ្ទិសដល់ក្មេងកំព្រា មនុស្សចាស់ជរាគ្មានទីពឹង យុទ្ធជនពលីក្នុងភ្លើងសង្រ្គាម" ដែលគ្មានលទ្ធភាពនិងទីពំនឹងដើម្បីនឹងចាប់កំណើតជាថ្មីបាន ព្រោះមនុស្សជាសភាវៈមានជីវិត ដែលផ្គុំដោយរាងកាយនិងវិញ្ញាណ ឬរូបនិងនាមហៅថា រូបក្ខន្ធ ឬនាមក្ខន្ធ។ រូបគឺជាចំណែកនៃរាងកាយ រីឯនាមគឺជាចំណែកនៃវិញ្ញាណដែលមិនរលត់ទៅព្រមជាមួយកាយពេលមនុស្សស្លាប់នោះទេ វិញ្ញាណនឹងចេញពីរាងកាយទៅកើតសារជាថ្មីក្នុងកាយថ្មីគឺរូប "បោះបាយបិណ្ឌ"នេះឯង។
ហេតុនេះប្រពៃណីបុណ្យភ្ជុំបិណ្ឌ តាមរយៈកិច្ចពិធីបោះបាយបិណ្ឌជាគោលដ៏សំខាន់នេះគឺ ជាពិធីបុណ្យផ្សារភ្ជាប់រវាងអ្នករស់និងអ្នកស្លាប់ ដោយស្ថិតក្នុងប្រព័ន្ធជំនឿខ្មែរ អ្នករស់ត្រូវប្រារព្វកិច្ចធ្វើបុណ្យជួយដល់អ្នកស្លាប់ឲ្យបានទៅតាមគន្លងធម៌ គឺជាកាតព្វកិច្ចរបស់សង្គមជាតិទាំងមូលដែលជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណតរៀងមក។ ព្រោះតម្លៃរបស់ជាតិនីមួយៗស្ថិតនៅលើភាពវ័យចំណាស់និងភាពរុងរឿងដែលជាតិនីមួយៗរក្សាបាន ពុំមែនស្ថិតនៅលើភាពភ័យខ្លាចនោះទេ។
ក្រោយមកនៅសម័យកណ្ដាលចាប់ស.វទី១៤ ពុទ្ធសាសនាថេរវាទហូរចូលស្រុកខ្មែរ ពិសេសស.វ.ទី១៦ ក្នុងរាជព្រះបាទសុត្ថា ប្រពៃណីបុណ្យភ្ជុំបិណ្ឌ បានស្ថិតក្រោមរូបភាពព្រះពុទ្ធសាសនាមានរយៈពេល១៥ថ្ងៃ រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះប្រពៃណីបុណ្យភ្ជុំបិណ្ឌ គឺជាការតភ្ជាប់រវាងអតីត បច្ចុប្បន្ន និងអនាគតដើម្បីកុំឲ្យភ្លេចជាតិ៕